30 C
Phnom Penh
Monday, May 13, 2024

សំរាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តរមណីយដ្ឋានទេសចរវប្បធម៌ធម្មជាតិនៅភ្នំកំពង់ត្រាចខេត្តកំពត

កំពត៖ រមណីយដ្ឋានភ្នំកំពង់ត្រាច ដែលស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពតគឺ ជារមណីយដ្ឋានទេសចរវប្បធម៌ធម្មជាតិមួយកន្លែង ដែលទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ រូងភ្នំមានខ្យល់ត្រជាក់ ដែលអាចធ្វើឱ្យអ្នកទៅកម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ។

ចំពោះអាជីវករ និងអ្នកនាំភ្ញៀវទស្សនាតំបន់រមណីយដ្ឋានទេសចរវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច បានឱ្យដឹងដែរថា ចាប់តាំងពីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងចំនួនពីរដងរួចមក សម្ទុះភ្ញៀវទេសចរទៅទស្សនាកម្សាន្តភ្នំកំពង់ត្រាចមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេរំពឹងថា ភ្ញៀវនឹងទៅកម្សាន្តកាន់តែច្រើនឡើង ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខ។

ភ្ញៀវទេសចរម្នាក់មកពីរាជធានីភ្នំពេញ ដែលបានចូលកម្សាន្តក្នុងរមណីយដ្ឋានទេសចរវប្បធម៌ធម្មជាតិ ភ្នំកំពង់ត្រាចគឺ លោក ស្រី នីណា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា នៅពេលបានមកដល់រមណីយដ្ឋានទេសចរវប្បធម្មជាតិភ្នំកំពង់ត្រាច លោកស្រីរីករាយ និងស្រស់ស្រាយក្នុងចិត្ត ដោយសារបរិយាកាសនៅក្នុងរមណីដ្ឋានធម្មជាតិនេះ មានខ្យល់ជំនោរបក់មកត្រជាក់ ទាំងនៅខាងក្រៅ និងខាងក្នុងរូងភ្នំ ហើយនៅក្នុងរូងក៏មានថ្មសំណាករូបភាពផ្សេងៗជាច្រើន ពិសេសអ្វីដែលធ្វើឱ្យលោកស្រីចាប់អារម្មណ៍ មានកន្លែងសក្តិសិទ្ធសម្រាប់បួងសួងសុំសេចក្តីសុខ។ បើមានពេលនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ លោកស្រីនឹងនាំក្រុមគ្រួសារទៅកម្សាន្តម្តងទៀត។

ជាអ្នកផ្តល់សេវាក្នុងការនាំភ្ញៀវទេសចរដើរក្នុងរូងភ្នំ លោក នី បញ្ញា អាយុ ១២ឆ្នាំ ក៏បានឱ្យដឹងដែរថា លោកបាននាំភ្ញៀវដើរកម្សាន្តក្នុងរូងភ្នំតាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ ដោយសារមានចាស់ព្រឹទ្ធាចារ្យ និងមន្ត្រីជំនាញបានប្រាប់ និងបណ្តុះបណ្តាលឱ្យស្គាល់ពីប្រវត្តិ ថ្មសំណាក និងឈ្មោះកន្លែងធ្វើសការៈបូជានានា។ កាលពីឆ្នាំមុនស្ងាត់ណាស់ លោកក៏បានផ្អាកនាំភ្ញៀវដែរ ព្រោះតែខ្លាចការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្នក្រោយពេលបានចាក់វ៉ាក់សាំងរួច លោកបាននាំភ្ញៀវជាធម្មតាវិញ ហើយចំពោះសេវានៃការនាំភ្ញៀវដើរកម្សាន្ត មិនបានកំណត់តម្លៃនោះទេ ភ្ញៀវឱ្យប៉ុន្មានក៏បាន។

ចំពោះអាជីវករលក់ចំណីអាហារ ភេសជ្ជៈ និងគ្រឿងសក្ការៈបូជានៅភ្នំកំពង់ត្រាច កញ្ញា ដាវីន បានឱ្យដឹងថា ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចំនួនពីរដងរួចមក ទេសចរក៏បានចាប់ផ្តើមហ៊ានធ្វើដំណើរកម្សាន្ត ធ្វើឱ្យការលក់ដូរមានភាពល្អប្រសើរ ពិសេសចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ។

ប្រសិនស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ ហើយមានភាពល្អប្រសើរដូចបច្ចុប្បន្ន ភ្ញៀវទេសចរនឹងកាន់តែទៅកម្សាន្តច្រើនឡើងៗ ពិសេសនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំខាងមុខ ព្រោះភ្នំកំពង់ត្រាច មានទេសភាព ខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្មសំណាករូបភាពផ្សេងៗ ដែលបង្កប់ដោយប្រវត្តសាស្ត្រ វប្បធម៌ ដែលមានអាយុកាលដ៏យូរលង់ មានកន្លែងសក្តិសិទ្ធដើម្បីបួងសួងសុំសេចក្តីសុខ និងជិះសេះទស្សនាកម្សាន្តជុំវិញបរិវេណភ្នំ និងបោះតង់ជាដើម៕


អត្ថបទ និងរូបភាពដោយ៖ Puntinews

អានបន្ត

spot_img