30 C
Phnom Penh
Wednesday, May 15, 2024

អបអរសារទរ! កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការហើយ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ប្រទេសកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការហើយ បន្ទាប់ពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពី លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងពេលដំណើរការសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងពិធីចុះហត្ថលេខាជាផ្លូវការ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាព ចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ។ លោក ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយ ប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់។ តំណាងប្រទេសទាំងអស់នៃទ្វីបអាស៊ី ៤៥ប្រទេស បានអបអរសាទរជូនចំពោះកម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា។

លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា ក្នុងពេលនេះមានបណ្តាប្រទេសនានា នឹងចូលរួមជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះកម្ពុជា។ ដូច្នេះមោទនភាពនេះ បានកើតមានឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជា មកចូលរួមចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាយុវជនជាប្រវត្តិសាស្ត្រប្រចាំអាស៊ីមួយនេះ។ នេះជាសំណាងរបស់យុវជនកម្ពុជា និងជាសំណាងរបស់ប្រទេសកម្ពុជា ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ពេញមុខ ពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ក្នុងពិធីនេះ មានប្រព័ន្ធផ្សព្វផ្សាយជាតិប្រទេសអារ៉ាប់ទាំងអស់ និងបណ្តាញផ្សព្វផ្យាយអន្តរជាតិ បានចូលរួមផ្តិតយករូបភាពពីពិធីចុះហត្ថលេខានេះ ទៅផ្សព្វផ្សាយទូទាំងពិភពលោក។

សូមបញ្ជាក់ថា បេសកកម្មអន្តរជាតិ នៅប្រទេសអារ៉ាប់រួមនេះ គណៈប្រតិភូកីឡាកម្ពុជា ដឹកនាំដោយ លោក ថោង ខុន រួមជាមួយ លោក ឃួង ស្រេង អមដំណើរដោយ លោក អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន ព្រមទាំងមន្ត្រីអមដំណើរមួយចំនួនទៀត៕


អត្ថបទ នឹងរូបភាពដោយ ពុទ្ធិញូស៍

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img