30 C
Phnom Penh
Monday, May 13, 2024

ប្រទេសអ៊ូហ្គង់ដានឹងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន​ ២ពាន់នាក់តាមសំណេីរបស់អាមេរិក

ស្តាប់អត្ថបទជាសម្លេង

អ៊ូហ្គង់ដានឹងទទួលយកជនភៀសខ្លួន ២ពាន់នាក់ដែលបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន​ បន្ទាប់ពីក្រុមតាលីបង់បានឡេីងកាន់អំណាចកាលពីថ្ងៃអាទិត្យ។

កិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាននេះ​ ​ត្រូវបានធ្វេីឡេីងបន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលអាមេរិក។

រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសអ៊ូហ្គង់ដាបាននិយាយថា​ «ពួកគេនឹងរស់នៅក្នុងប្រទេសអ៊ូហ្គង់ដាជាបណ្ដោះអាសន្នរយៈពេល​ ៣ខែ​ មុនពេលរដ្ឋាភិបាលអាមេរិកបញ្ជូនពួកគេទៅតាំងទីលំនៅនៅកន្លែងផ្សេង»។ 

ប្រទេសអ៊ូហ្គង់ដាដែលស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងកើត​ មានបទពិសោធន៍យូរអង្វែងមកហេីយក្នុងការទទួលយកជនភៀសខ្លួនដែលរត់គេចចេញពីជម្លោះ​ ហេីយបច្ចុប្បន្ននេះ​ មានជនភៀសខ្លួនប្រហែល ១លាន៤សែននាក់នៅក្នុងប្រទេសអ៊ូហ្គង់ដាដែលភាគច្រើនមកពីប្រទេសស៊ូដង់ខាងត្បូង។

ក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញ នា២០ឆ្នាំក្រោយមក​ បន្ទាប់ពីអន្តរាគមន៍យោធាដឹកនាំដោយអាមេរិកបានទម្លាក់ក្រុមនេះចេញពីអំណាចក្នុងឆ្នាំ២០០១។

ក្រុមអ៊ីស្លាមនិយមនេះបានដណ្ដេីមកាន់កាប់អំណាចវិញ​ បន្ទាប់ពីកងទ័ពបរទេសភាគច្រើនបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ 

ការវាយប្រហារចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានបានយ៉ាងលឿនត្រឹមតែជាង​ ១០ថ្ងៃរបស់ក្រុមតាលីបង់នេះ​ បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ​ ដែលភាគច្រើនបានទៅដល់រដ្ឋធានីកាប៊ុល​ ហើយអ្នកផ្សេងទៀតបានធ្វើដំណើរទៅកាន់ប្រទេសជិតខាង។

ប្រទេសអាល់បានី​ និងកូសូវ៉ូ ក៏បានទទួលយកសំណើរបស់អាមេរិកដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានជាបណ្តោះអាសន្នផងដែរ៕

អត្ថបទ នឹងរូបភាព Puthi news

អានបន្ត

spot_img