36 C
Phnom Penh
Thursday, April 18, 2024

សិល្បករ និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមកម្មវិធីប្រឡងដាល់អំបុក ក្រោមប្រធានបទ អំបុក ខ្មែរថែប្រពៃណីជាតិ

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ កម្មវីធីប្រឡងដាល់អំបុក ក្រោមប្រធានបទ( អំបុកខ្មែរថែជាតិ ) បានរៀបចំដោយ លោកឧកញ៉ា អុឹង ប៊ុនហូវ និង លោកស្រី ដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណដ៏យូរលង់ណាស់មកហើយ។

កម្មវិធីប្រឡងដាល់អំបុកនេះ ធ្វើឡើងមានរយះពេល២ថ្ងៃ គឺថ្ងៃទី១៨ និង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសិល្បករ សិល្បការនី និងប្រជាពលរដ្ឋរាប់ពាន់នាក់។

គណៈកម្មាការរៀបចំកម្មវិធីប្រឡងដាល់ អំបុកនេះបានឲ្យដឹងថា កម្មវិធីប្រឡងនេះមានរយៈពេល២ថ្ងៃ ចែកចេញជា៣វគ្គ គឺវគ្គទី១ នៅថ្ងៃទី១៨ បេក្ខជនបេក្ខនារី ក្រុមសិល្បករ សិល្បការនី ត្រូវប្រឡងច្រូត ស្រូវ និង ចងកណ្ដាប់ នៅក្នុងស្រែនៅភូមិសំបកកន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស។

វគ្គទី២ នៅព្រឹកថ្ងៃទី១៩ បេក្ខជន និង បេក្ខនារី ត្រូវប្រឡងបោកស្រូវ អុំស្រូវ និងរែងស្រូវ ដើម្បីយកគ្រាប់ស្រូវល្អៗត្រៀមទុកសម្រាប់ដាល់អំបុក។

វគ្គទី៣ នៅរសៀលថ្ងៃទី១៩ បេក្ខជន បេក្ខនារី ទាំង៥ក្រុម ត្រូវប្រឡងដាល់អំបុក ដើម្បីយកពានរង្វាន់ លោកឧកញ៉ា អុឹង ប៊ុនហូវ ដែលមានគណៈកម្មាការវាយតម្លៃដាក់ពិន្ទុយ៉ាងសុក្រឹត ដូចជាការច្រូតស្រូវក្នុងស្រែមិនឱ្យជ្រុះគួរស្រូវ ចេះចងកណ្ដាប់ត្រឹមត្រូវទៅតាមទម្លាប់កសិករ, ការបោក ស្រូវឲ្យអស់ពីកណ្ដាល ការអុំ ការស្ទៃស្រូវឲ្យអស់សន្តី, ការលីងស្រូវឲ្យបានឆ្អិនល្មម ដើម្បីដាល់អំបុកឲ្យបានល្អ និងមានរស ជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងការសាមគ្គីគ្នាក្នុងក្រុមជាដើម។

ចំពោះលទ្ធផល នៃការប្រឡងដាល់អំបុក ក្រោមប្រធានបទ( អំបុកខ្មែរថែប្រពៃណីជាតិ )សម្រាប់ក្រុមលេខ១ ទទួលបានពានរង្វាន់និងថវិកាចំនួន ២ ០០០ដុល្លារ, លេខ២ ទទួលបាន ១៥០០ដុល្លារ, លេខ៣ ទទួលបាន១០០០ ដុល្លារ ដោយឡែកក្រុម លេខ៤ និង ក្រុមលេខ៥ ទទួលបាន៣០០ ដុល្លារ ពីលោកឧកញ៉ា អុឹង ប៊ុនហូវ ផងដែរ។

នៅក្នុងពេលប្រគល់ពាន និង ប្រាក់រង្វាន់ជ័យលាភីដល់បេក្ខជនបេក្ខនារី លោកឧកញ៉ា អុឹងប៊ុនហូវ បានឲ្យដឹងថា កម្មវិធីប្រឡងដាល់អំបុកក្រោមប្រធានបទ (អំបុកខ្មែរ ថែប្រពៃណីជាតិ) នេះប្រសិន បើមានការគាំទ្រពីប្រជាពលរដ្ឋ និង អាជ្ញាធរក្នុងមូលដ្ឋាន លោកអាចនឹងបន្តធ្វើនៅឆ្នាំក្រោយៗ ជាបន្តបន្ទាប់ទៀត៕


អត្ថបទ និងរូបភាពដោយ៖ Puntinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img