38 C
Phnom Penh
Friday, April 26, 2024

ចោរលួចមាសពេលផ្ទេរពីយន្តហោះចូលទៅកុងតឺន័រ នៅអាកាសយានដ្ឋានកាណាដា មានតម្លៃជាង១៤លានដុល្លារ

តូរ៉ុនតូ៖ ប៉ូលិសកាណាដាកំពុងស៊ើបអង្កេតករណីចោរលួចមាសដ៏ច្រើន នៅឯអាកាសយានដ្ឋានអន្តរជាតិ ភៀសុន (Pearson) នៃទីក្រុងតូរ៉ុនតូ បន្ទាប់ពីវត្ថុមានតម្លៃរាប់លានដុល្លារនេះ ផ្ទេរចេញពីយន្តហោះចូលទៅក្នុងទូកុងតឹន័រមួយ។

ករណីចោរ​បាន​ប្លន់​យក​មាស​មានតម្លៃជាង១៤លាន​ដុល្លារ​ និង​វត្ថុ​មានតម្លៃ​ផ្សេងទៀត​ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមេសា ប៉ុន្តែ ប៉ូលិស​បាន​បញ្ចេញរឿងអាស្រូវ ​នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោយពីមាសដ៏ច្រើននោះត្រូវចោរដឹកចេញពីព្រលានយន្តហោះដោយសុវត្ថិភាព។

អធិការប៉ូលីសប្រចាំតំបន់ បាននិយាយប្រាប់សារព័ត៌មានថា កុងតឺន័រដឹកមានមួយ ត្រូវបានចោរលួច បន្ទាប់ពីមាស និងវត្ថុមានតម្លៃផ្សេងទៀត ត្រូវបានលើកចេញពីយន្តហោះ នៅឯកន្លែងផ្ទេរទំនិញស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះ។

លោកអធិការបានមានប្រសាសន៍ថា «អ្វីដែលខ្ញុំអាចនិយាយបាន គឺថាកុងតឺន័រ ដឹកជញ្ជូនវត្ថុមានតម្លៃខ្ពស់ ​មាន​ដូជាមាស ប៉ុន្តែ​មិន​មែនសុទ្ធតែ​មាសទាំងអស់​ទេ ​មាន​វត្ថុមានតម្លៃផ្សេង​ទៀត​ផងដែរ»។

លោកបាននិយាយបន្ថែមថា អំពើប្លន់នេះ គឺជាករណីកម្រណាស់ ហើយប៉ូលិសមិនទាន់មានពន្លឺ ដើម្បីឈានទៅចាប់ខ្លួនចោរបាននៅឡើយទេ។

លោកអធិការបាននិយាយថា «អ្នកស៊ើបអង្កេតរបស់យើង បានពិនិត្យមើលគ្រប់មធ្យោបាយទាំងអស់។ យើង​កំពុង​តែឆែកមើល​គ្រប់​ជ្រុង​ជ្រោយ ​អំពី​របៀប​ដែល​វត្ថុ​នេះ​ត្រូវ​បាន​ចោរលួច»។

អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ តូរ៉ុនតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចោរបានលបចូលទៅផ្នែកសាធារណៈនៃឃ្លាំងរក្សាទុកមាស ដែលផ្នែកនេះបានជួលទៅឲ្យភាគីផ្សេង ហើយត្រង់ផ្នែកនេះ គឺស្ថិតនៅខាងក្រៅប្រព័ន្ធសុវត្ថិភាពរបស់ឃ្លាំងស្តុកទំនិញ។

ដុំមាស ដែលជីកបាននៅក្នុងប្រទេសកាណាដា តែងតែដឹកទៅរក្សាទុកនៅអាកាសយានដ្ឋាន ភៀសុន មុនពេលផ្ទេរចូលទៅក្នុងយន្តហោះ ដើម្បីដឹកចេញទៅក្រៅប្រទេស។ ស្ទើរតែពាក់កណ្តាលនៃទំនិញដឹកតាមអាកាសរបស់ប្រទេសកាណាដា ត្រូវឆ្លងកាត់ព្រលានយន្តហោះ។

ក្នុងករណីចោរលួចមាសដូចគ្នានេះដែរ កាលពីឆ្នាំ១៩៥២ ដុំមាសមានតម្លៃប្រហែល២.៥លានដុល្លារ ត្រូវចោរលួចដឹកចេញពីកន្លែងនោះដែរ ហើយគ្មានជនសង្ស័យណាម្នាក់ត្រូវបានប៉ូលិសកាណាដារកមុខឃើញឡើយ។

ចោរលួចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ គឺជារឿងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា រួមទាំងចោរលួចទឹកស៊ីរ៉ូចម្រាញ់ចេញដើមម៉េផល ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ ដែលរក្សាទុកក្នុង៩ ៦០០ធុង មានតម្លៃចាប់ពី១៥លានដុល្លារ ទៅ២០លានដុល្លារ ហើយការលួចពេលនោះ គឺលួចចេញពីឃ្លាំងមួយ នៅក្នុងខេត្តកេបិច របស់ប្រទេសកាណាដា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img