ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២១ លោកសេង ច័ន្ទមករា ប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) ប្រចាំខេត្តរតនគិរី និងជាជំនួយការ របស់ឯកឧត្តមបណ្ឌិតសុខប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មបាននាំយកអំណោយជាអង្ករ និងថវិកាប្រគល់ជូនលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តដែលមមាញឹកក្នុងការចូលរួមការពារសកម្មភាពទប់ស្កាត់កូវីត-១៩។ អំណោយដែលបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅពេលនេះមានអង្ករចំនួន១តោន និងថវិកាចំនួនមួយលានរៀល(១ ០០០ ០០០រៀល)។
ថ្លែងក្នុងឱកាសទទួលអំណោយ ពីឯកឧត្តមបណ្ឌិតសុខប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មាននៅពេលនេះដែល លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តរតនគិរី បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារសម្ព័ន្ធយុវជនអាហារូបករណ៍ស២ ប្រចាំខេត្តរតនគិរី ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែល បានឧបត្ថម្ភជាអង្ករ និងថវិកាជូនស្នងការដ្ឋានខេត្ត ដើម្បីបម្រើក្នុងអង្គភាពក្នុងកិច្ចប្រតិបត្តិការសន្តិសុខ និងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងខេត្ត។
ឆ្លៀតក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោក៏បានសំណូមពរដល់ពលរដ្ឋក្នុងខេត្តរតនគិរីទាំងអស់ឱ្យចូលរួមការពារទាំងអស់គ្នានៅប្រធានសុខាភិបាល ៣ កុំ៣ការពារឱ្យបានគ្រប់ៗគ្នាបើទោះបីយើងទទួលបានវ៉ាក់សាំងរួចហើយក៏ដោយព្រោះវីរុសកូវីដ-១៩ វាមិនទៅណាឆ្ងាយពីខ្លួនយើងទេ ហេតុដូចនេះហើយសូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងកុំឱ្យជំងឺដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News