ស្តាប់អត្ថបទជាសម្លេង
កំពង់ចាម៖ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបាន បន្តឡើងជាលើកទី២ដល់កម្ពស់១១,៩២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេលនេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមាន កម្ពស់ត្រឹម៦,៤៧ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម។
ស្ថានភាព កម្ពស់ទឹកបែបនេះបានធ្វើឲ្យទឹកទន្លេហូរចូលព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១ ហើយព្រែកទាំង១៣នោះរួមមានក្នុងស្រុកស្ទឹងត្រង់៤ កំពង់សៀម២ កោះសូទិន១ និងស្រុក កងមាស៦។
ដោយឡែកបើយោងតាមការព្យាការរបស់ក្រសួងធនធានទឹកវិញនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ នឹងស្រកចុះវិញ ហើយនៅថ្ងៃទី១៧ ទឹកទន្លេ ខេត្តក្រចេះ ស្ទឹងត្រែង និងកំពង់ចាមនឹងបន្តស្រកចុះដូចគ្នា។
ពាក់ព័ន្ធទៅនឹងស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនេះដែរ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ខេត្តកំពង់ចាមបានលើកឡើងថាប្រសិនបើទឹកទន្លេឡើងខ្ពស់ទឹកអាចហូរចូលព្រែក និងនាំមក នូវដីល្បាប់ដែលធ្វើឲ្យផលដំណាំរបស់ពួកគាត់លូតលាស់ល្អ និងមិនធ្វើឲ្យដីរឹងពិបាកដាំដុះ នោះទេ។
បើតាមលោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាមបានឲ្យដឹងថា ប្រសិនបើទឹកឡើងធំគឺត្រីមានសុវត្ថិភាពកន្លែងត្រីពង បើទឹកតូចមិនមានសុវត្ថិភាពត្រីពងកូន នោះទេ ហើយអាចប្រឈមនឹងការខ្សត់ត្រីនៅក្នុងទន្លេ។
ទាក់ទងទៅនឹងស្ថានភាពកម្ពស់ទឹកទន្លេនេះដែរ ជារៀងរាល់ឆ្នាំនៅរដូវទឹកឡើងក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់រួចហើយ ដូចជាទូកសម្រាប់ធ្វើដំណើរ ស្មៅគោ ទីទួលសុវត្ថិភាពសម្រាប់គោ មាន់ ទា អូសដុត ចំណីរ អាហារជាដើម៕
អត្ថបទ និងរូបភាពដោយ Puthinews