ស្តាប់អត្ថបទជាសម្លេង
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ នៅថៃបានបង្ហាញថា ៨៤%នៃអ្នកដែលស្លាប់ដោយសារវីរុសកូវីដ-១៩ នៅក្នុងប្រទេសថៃ គឺជាអ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ ៧,២%គឺជាអ្នកបានចាក់វ៉ាក់សាំងត្រឹមតែមួយដូស។
មនុស្សចំនួន ១៣,៦៣៧នាក់ បានស្លាប់ដោយសារវីរុសកូវីដ-១៩ នៅចន្លោះថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំនេះ ដោយក្នុងនោះ ៩៥,៨២%បានស្លាប់នៅមន្ទីរពេទ្យ។
អ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ដែលមានវ័យចំណាស់ជាងគេគឺមានអាយុ ១០៩ឆ្នាំ និងក្មេងបំផុតគឺមានអាយុត្រឹមតែ ១២ថ្ងៃប៉ុណ្ណោះ។ អាយុជាមធ្យមគឺ ៦៧ឆ្នាំ ហេីយ ១២.២៣៩នាក់មានជំងឺរ៉ាំរ៉ៃ ដែលភាគច្រើនមានជំងឺទឹកនោមផ្អែម, លើសឈាម, កូលេស្តេរ៉ុលឡេីងខ្ពស់, ជំងឺតម្រងនោម និងធាត់ជ្រុល និងមានស្ត្រីមានផ្ទៃពោះចំនួន ២១នាក់។

មន្ត្រីនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ នៅក្នុងប្រទេសថៃបាននិយាយថា អត្រាស្លាប់ដោយសារវីរុសកូវីដ-១៩ សរុបកំពុងធ្លាក់ចុះ បើទោះបីជាអត្រាស្លាប់នៅតែមានកម្រិតខ្ពស់នៅក្នុងខេត្ត ណាខនប៉ាធំ (Nakhon Pathom), នុនថាប៊ូរី (Nonthaburi) និងសាមុតសាខន (Samut Sakhon) ក៏ដោយ។
មន្ត្រីនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ នៅក្នុងប្រទេសថៃក៏បានបញ្ជាក់ផងដែរថា នៅតាមបណ្តាខេត្តនានាការឆ្លងនៅក្នុងចំណោមពលរដ្ឋដែលចូលរួមបុណ្យសពមានកម្រិតខ្ពស់ដោយសារពួកគេបរិភោគអាហារជាក្រុម។
កាលពីថ្ងៃអង្គារ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ជាង ១ម៉ឺន១ពាន់នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ១៣៦នាក់។ ចាប់តាំងវីរុសកូវីដ-១៩ បានវាយលុកប្រទេសថៃកាលពីឆ្នាំមុនមក ប្រទេសក្នុងសហគមន៍អាស៊ានមួយនេះមានអ្នកឆ្លងសរុបជាង ១លាន៤០ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់សរុបជាង ១ម៉ឺន៤ពាន់នាក់៕



អត្ថបទ នឹងរូបភាពដោយ៖ Puthinews