30 C
Phnom Penh
Tuesday, October 8, 2024

អ្នកជំនាញរំពឹងថា ការជួសជុលប្រាសាទបាយក្អែក នឹងរួចរាល់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានរំពឹងថា ប្រសិនបើមិនមានឧបសគ្គរាំងស្ទះទេ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត នឹងត្រូវបញ្ចប់ការជួសជុល នៅចុងខែកញ្ញាឆ្នាំ២០២១នេះ។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២១នេះថា ប្រាសាទបាយក្អែក បានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស ។ លោកបន្តថា ដើម្បីលើកតម្លៃនៃដួងព្រលឹងរបស់ដូនតាខ្មែរក្រុមអ្នកអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា បានចាប់ដំណើការជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាសាទឡើងវិញ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក ដែលមកដល់ពេលនេះដំណើរការជួសជុលបានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។

បើតាមលោក ស៊្រុន តិច ដំណើរការជួសជុលពង្រឹងសំណង់ប្រាសាទបុរាណនេះ ក្រុមការងារបច្ចេកទេសបានប្រកាន់យកគោលការណ៍អភិរក្ស ដោយគោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ី អង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ ដោយក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ ។

ជាមួយនឹងការជួសជុលនៅប្រាសាទបាយក្អែកនេះ ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង។

សូមជម្រាបថា ប្រាសាទបាយក្អែក នេះត្រូវបានអ្នកជំនាញសន្និដ្ឋានថា សាងសង់ឡើងក្នុងស.វ.ទី១២ តាមរចនាបថបាយ័ន។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយក៏ប្រហែលជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបាន៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img