នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.26-1024x514.jpeg)
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ–កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.31-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.31-1024x682.jpeg)
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។ ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.35-682x1024.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.35-682x1024.jpeg)
ចំពោះមុខសម្តេចធិបតី ឯកឧត្តមប្រធានរដ្ឋបានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.41-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.41-1024x682.jpeg)
ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរមហាប្រសើរដល់ឯកឧត្ដមប្រធានរដ្ឋ និងគណៈប្រតិភូ ជាមួយនឹងការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ៕
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.45-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.45-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.50-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.50-1024x682.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.54-682x1024.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.54-682x1024.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.57-758x1024.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.24.57-758x1024.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.25.01-681x1024.jpeg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-24-20.25.01-681x1024.jpeg)
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New