ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ដរាបណាជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត នៅក្នុងប្រទេសកម្ពុជា មិនទាន់ចប់ នោះការផ្តល់ជំនួយរបស់ចិន មកកម្ពុជាក៏មិនអាចបញ្ឈប់បានដែរ។
ការអះអាងនេះ លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាអធិបតីរួមគ្នា ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីប្រគល់ ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៥០ម៉ឺនដូស ពីរដ្ឋាភិបាល និងប្រជាជនចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក វ៉ាង វិនធាន បានមានប្រសាសន៍ថា “ចិនមានសុភាសិតមួយថា បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល។ ខ្ញុំធ្លាប់បានលើកឡើងថា ដរាបណាវីរ៉ុសកូវីដ-១៩ នៅកម្ពុជា មិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិន មកកាន់កម្ពុជា គឺមិនអាចបញ្ឈប់បានដែរ”។
លោកបានលើកឡើងឱ្យដឹងដែរថា “គិតមកដល់ពេលនេះ ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ចំនួន៣.៧លានដូសហើយ មកកាន់កម្ពុជា”។
លោក វ៉ាង វិនធាន បានមានប្រសាសន៍ថា សម្ពាធនៃការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នៅតែមានទំហំធំ ហើយភារៈកិច្ចក៏មានសភាពធ្ងន់ធ្ងរដែរ ហើយក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួម ភាគីចិន បានចាត់ទុកបញ្ហាប្រឈម ក៏ដូចជាការលំដាក ដែលមាននៅកម្ពុជា ជាបញ្ហាប្រឈម និងការលំបាករបស់ខ្លួន។ ភាគីចិន នឹងបន្តផ្តល់ជំនួយវ៉ាក់សាំង បរិក្ខាវេជ្ជសាស្ត្រ និងសម្ភារៈជូនដល់កម្ពុជា តាមដែលអាចធ្វើទៅបាន ហើយចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្ដល់វ៉ាក់សាំង ជូនដល់ប្រទេសកម្ពុជា។
នៅក្នុងពិធីនេះ លោក វ៉ាង វិនធាន ក៏បានកោតសរសើរ ពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការរៀបចំ និងដាក់ចេញវិធានការ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំង ជូនទៅដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News