ស្តាប់អត្ថបទជាសំឡេង


ភ្នំពេញ៖ សម្ពាធទាបសកម្ម នឹងកើតឡើងនៅលើប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ។ សម្ពាធទាបសកម្មនេះនឹងបង្កើនឥទ្ធិពលជាបន្តបន្ទាប់ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើតឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់មានឈ្មោះជាផ្លូវការ)។
ដូចនេះនាសប្តាហ៍ខាងមុខកម្ពុជានឹងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍ មូសុងនិរតីក្នុងកម្រិតមធ្យមទៅខ្លាំង ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិច ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធម្ពាធទាប (ITCZ)។ នេះបើយោងតាមការឱ្យដឹងក្រសួងធនធានទឹក និងឧតុនិយម។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាលខេត្តមួយចំនួនទទួលរង ដូចជា នៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ។


ចំពោះបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០ºC អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន រាជធានីភ្នំពេញ កណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងសៀមរាប។ នៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យម។


បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧°C អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន ព្រះវិហារ ឧត្ដរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ។ នៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។


ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី២៥-២៧°C អាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម អាចនឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន ដូចជា កោះកុង និងក្រុងព្រះសីហនុ។ នៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យលកន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយ នឹងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យម ទៅខ្ពស់។


ចំពោះតំបន់នៅទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើននិងមានសីតុណ្ហភាពអប្បបរមាពី២១អង្សាសេទៅ២៣អង្សាសេ និងអតិបរមាពី ២៥អង្សាសេ ទៅ២៧អង្សារសេ។ នៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនឹងរលកនៅលើផ្ទៃសមុទ្រមានកម្ពស់ពីមធ្យមទៅខ្ពស់៕




អត្ថបទ និងរូបភាពដោយ៖ Puthinews