ស្តាប់អត្ថបទជាសំឡេង
មណ្ឌលគិរី៖ រយៈពេល០២ថ្ងៃចុងក្រោយនេះ ខេត្តមណ្ឌលគិរី ស្ទើរតែពុំមានពេលបើកថ្ងៃស្រឡះល្អទេ គ្រាដែលថ្ងៃទី១៣ ខែតុលា មានភ្លៀងធ្លាក់ពេញមួយថ្ងៃតែម្ដង ចំណែកនៅថ្ងៃទី១៤ ខែតុលានេះ ផ្ទៃមេឃអាចបើកថ្ងៃមួយរយៈពេលខ្លី និងមានពពកខ្មៅបាំងបិទជាថ្មី ព្រមទាំងមានភ្លៀងរលឹមផងដែរ។ សម្រាប់ខេត្តមណ្ឌលគិរី មិនមែនទើបតែទទួលសម្ពាធអាកាសធាតុម្ដងនេះទេ គឺប្រហែល១ខែចុងក្រោយ មានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ និងទទួលរងសម្ពាធបរិយាកាសអួអ័ព្ទជាបន្តបន្ទាប់ ។
តំបន់ប្រជុំភ្នំនៃខេត្តមណ្ឌលគិរី នៅពេលមានភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃបែបនេះ ក៏បានបណ្ដាលឱ្យប្រជាពលរដ្ឋជួបការលំបាកខ្លះដែរ ព្រោះមណ្ឌលគិរីមានសណ្ឋានដីក្រហមស្អិត និងមានស្ថានភាពរអិលពេលធ្វើដំណើរ ដូចនៅតំបន់ជាយខេត្ត ឬក៏តំបន់ជនបទ ដែលពុំទាន់មានផ្លូវកៅស៊ូប្រើប្រាស់ ប្រាកដជាពិបាកធ្វើដំណើរមកក្រុងសែនមនោរម្យ ដើម្បីទិញស្បៀងអាហារ ឬសម្ភារៈផ្សេងៗ ព្រោះផ្លូវរអិលខ្លាំង អាចជាប់ផុងធ្វើដំណើរមិនកើតក៏មានដែរ ។
ទន្ទឹមនឹងនេះដែរ នៅតាមដងផ្លូវមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ក៏មានការចុះអ័ព្ទខ្លាំងពេលមានភ្លៀងធ្លាក់ម្តងៗ ដូចជានៅស្រុកកែវសីមា និងស្រុកអូររាំង ដូចនេះតម្រូវឱ្យអ្នកធ្វើដំណើរក្នុងតំបន់នោះបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលយប់ ព្រោះមានការចុះអ័ព្ទខ្លាំង រួមទាំងផ្លូវមានការបត់បែនច្រើន ឡើងចុះភ្នំទៀតផង។
បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បន្ទាប់ពីឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU រសាត់ផុតទៅ នឹងមានឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ព្រមទាំងទ្រនុងសម្ពាធខ្ពស់ចិនរំកិលចុះក្រោមដល់ភាគខាងជើងនៃប្រទេសកម្ពុជាបន្ថែមទៀត នឹងបង្កឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយសីតុណ្ហភាពធ្លាក់ចុះទាប អូសបន្លាយដល់ថ្ងៃទី១៩ ខែតុលាខាងមុខ ។
លោក ចាន់ រតនា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី និងជាមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទោះបីខេត្តមណ្ឌលគិរីមានភ្លៀងធ្លាក់រៀងរាល់ថ្ងៃ ប៉ុន្តែមិនទាន់មានគ្រោះមហន្តរាយណា មួយកើតឡើងនោះទេខណៈដែលមន្ត្រីជំនាញក៏បាន និងកំពុងតាមដានអំពីស្ថានភាពនេះគ្រប់បណ្ដាក្រុងស្រុកទាំង០៥ របស់ ខេត្ត៕
អត្ថបទ និងរូបភាពដោយ៖ Puthinews