26 C
Phnom Penh
Saturday, July 27, 2024

ឥណ្ឌូណេស៊ីបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នៅតំបន់ជាច្រើនទៀតខណៈដែលករណីឆ្លងបន្តថយចុះ

ស្តាប់អត្ថបទជាសម្លេង

វិធានការទប់ស្កាត់ជំងឺកូវីដ-១៩នៅតំបន់ជាច្រើនថែមទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ីរួមមានដូចជាទីក្រុង សូឡូ (Solo) នៅខេត្តជ្វាភាគកណ្តាល និងទីក្រុងម៉ាឡាំង (Malang) នៅខេត្តជ្វាភាគខាងកើតនឹងត្រូវបានបន្ធូរបន្ថយចាប់ពីថ្ងៃអង្គារនេះ ខណៈដែលករណីឆ្លងបានបន្តថយចុះ។

កាលពីសប្តាហ៍មុន អាជ្ញាធរឥណ្ឌូណេស៊ីបានបន្ធូរបន្ថយវិធានការរឹតត្បិតនៅក្នុងទីក្រុងហ្សាការតា, ទីក្រុង បានឌុង (Bandung) ក្នុងខេត្តជ្វាភាគខាងលិច និងទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) នៅក្នុងខេត្តជ្វាភាគខាងកើតរួមជាមួយនឹងតំបន់មួយចំនួនទៀត។

កន្លែងសូត្រធម៌ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញដោយកំណត់ឲ្យមានអ្នកចូលរួមជាអតិបរិមាចំនួន៣០នាក់។ ជាមួយគ្នានោះ ភោជនីយដ្ឋានក៏អាចទទួលភ្ញៀវឲ្យចូលអង្គុយខាងក្នុងបានដែរប៉ុន្តែត្រឹមតែ២៥%ប៉ុណ្ណោះ ហើយចំនួនភ្ញៀវចូលផ្សារទំនើបត្រូវបានកាត់បន្ថយពាក់កណ្តាល។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បាននិយាយកាលពីថ្ងៃចន្ទថា អត្រាឆ្លងជំងឺកូវីដ-១៩បានថយចុះ ខណៈដែលចំនួនអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យទូទាំងប្រទេសបានធ្លាក់ចុះ២៧%។

លោកក៏បានអំពាវនាវឲ្យពលរដ្ឋឥណ្ឌូណេស៊ីបន្តការប្រុងប្រយ័ត្នដោយគូសបញ្ជាក់ថាប្រទេសជាច្រើនបានប្រឈមមុខនឹងរលកឆ្លងថ្មីទៀតបើទោះបីជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។

រដ្ឋមន្ត្រីទទួលបន្ទុកការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩បាននិយាយថា ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសនេះបានធ្លាក់ចុះ៩០.៤%ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដាជាពេលដែលករណីឆ្លងបានកើនឡើងដល់កម្រិតខ្ពស់បំផុត។

គិតត្រឹមថ្ងៃចន្ទឥណ្ឌូណេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤.០៨លាននាក់ក្រោយរកឃើញអ្នកឆ្លងចំនួន៥,៤៣៦នាក់ថែមទៀតហើយក្នុងនោះមានអ្នកស្លាប់សរុបចំនួន១៣២,៤៩១នាក់៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img