26 C
Phnom Penh
Saturday, July 27, 2024

អ្នកលួច និងអ្នកទិញម៉ូតូត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីកាលពីថ្ងៃ៣០សីហា

ស្តាប់អត្ថបទជាសម្លេង

 ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដេត ដារ៉េ ហៅស្វិត ភេទប្រុស អាយុ១៦ឆ្នាំ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ សៀរ ពិសី ហៅចិន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គុបពី ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1CB -7429 ក្នុងខណៈពេលដើមបណ្ដឹងទុកម៉ូតូមុខផ្ទះដោយមិនបានដកកូនសោរចេញ ។

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ដេត ដារ៉េ ហៅស្វិត ក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងពិតប្រាកដមែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។ ពេលរូបគេលួចបានក៏ជិះទៅម្ដុំដីថ្មី ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតហើយលក់ទៅឱ្យឈ្មោះ សឿង សំអុន ភេទប្រុស  អាយុ៤១ឆ្នាំ បានប្រាក់ថៃចំនួន៦០០០បាត(ប្រាំមួយពាន់បាត) ក្រោយពីលក់បានប្រាក់ហើយរូបគេបានដើរស៊ីចាយ និងទិញគ្រឿងញៀនមកប្រើប្រាស់អស់ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ទើបកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនគេបានតែម្ដង ។

 ដោយផ្អែកលើចម្លើយនិងមានការចង្អុលបង្ហាញកន្លែងទិញម៉ូតូផងនោះ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបន្តឃាត់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ទៀត និងដកហូតម៉ូតូដែលជាវត្ថុតាងផងដែរ ។

 ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ រួមនឹងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនអ្នកលួចម៉ូតូ និងអ្នកទិញម៉ូតូមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ ។

 លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img