32.6 C
Phnom Penh
Monday, October 7, 2024

អ្នកភូមិនៅឃុំស្នឹង ស្រុកបាណន់ ធ្លាប់តែខ្វះខាតទឹកប្រើប្រាស់ បច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ផលិតស្រូវក្រអូបពី២ដង ទៅ៣ដង ក្នុង១រដូវ

បាត់ដំបង៖ ធ្លាប់តែជាភូមិសាស្រ្តប្រឈមនូវកង្វះខាតទឹកប្រើប្រាស់ បច្ចុប្បន្នប្រជាកសិករមួយចំនួនធំនៅក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បាននឹងកំពុងប្រែក្លាយទៅជាតំបន់ពណ៌បៃតងស្រស់គ្រប់រដូវកាលដោយមានទឹកអាចធ្វើស្រែបាន២ទៅ៣ដងក្នុង១រដូវ តាមរយៈប្រព័ន្ធប្រឡាយបង្ហូរទឹកមួយខ្សែ មានប្រវែងជិត២០គ.ម ដែលត្រូវបានកសាងឡើងជាកង់ៗ តភ្ជាប់ពីអាងទឹកកំពីងពួយទៅចែកចាយបន្តរហូតដល់៦ភូមិ នៃភូមិទាំង១១របស់ឃុំស្នឹង ក្រោមការឧបត្ថម្ភគាំទ្រស្តារជួសជុលពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្នឹង ព្រមទាំងសហការី ។

អនុប្រធានក្រុមការងារចុះជួយឃុំស្នឹង លោក ស្រេង សុខា នៅក្នុងឱកាសនៃការច្រូតកាត់ស្រូវប្រាំងជាលើកទី២ របស់ប្រជាកសិករនៅក្នុងឃុំស្នឹង បានបញ្ជាក់ថា កាលពីកន្លងមកអ្នកភូមិនៅឃុំស្នឹង មានការខ្វះខាតទឹកប្រើប្រាស់ រហូតដល់ក្រុមការងារចុះជួយឃុំស្នឹង បានដឹកទឹកចែកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ តែដោយមានប្រឡាយនាំទឹកនេះមក ទាំងមនុស្ស សត្វ និងការស្រោចស្រពដំណាំផ្សេងៗទៀតបានគ្រប់គ្រាន់ ហើយអាចធ្វើស្រែបង្កើនរដូវចាប់ពី២ទៅ៣ដងក្នុង១រដូវ ក្នុងលក្ខខ័ណ្ឌអ្នកមានស្រែនៅជាប់ប្រភពទឹកប្រឡាយ ។

ចំពោះកសិករដែលជាអ្នកទទួលផលពីប្រឡាយបង្ហូរទឹកមួយខ្សែនេះ បានបង្ហាញនូវភាពរីករាយ ខណៈដំណាំស្រូវប្រាំងប្រភេទស្រូវក្រអូបរបស់គាត់បាននឹងកំពុងច្រូតកាត់ជាបន្តបន្ទាប់ និងមានទិន្នផលជាមធ្យមប្រមាណជិត៤តោនក្នុង១ហ.ត ។

លោក ស្រេង សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យប្រឡាយបង្ហូរទឹកមួយខ្សែនេះបានបម្រើផលប្រយោជន៍រួមបានយូរអង្វែងនោះ សូមជួយថែរក្សាការពារប្រឡាយ ជាពិសេសសហគមន៍ត្រូវចងក្រងសហគមន៍ ដោយធ្វើស្រែតាមចំនួនកំណត់កុំឱ្យលើសពីការប្រើប្រាស់ទឹក ដើម្បីកុំឱ្យមានហានិភ័យពេលស្រូវចេញហើយមានការខ្វះខាតទឹកសម្រាប់ស្រោចស្រព នាំឱ្យមានការខាងបង់ថ្លៃផលិតទៅវិញ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img