ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ ៖ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ Puthi News នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា គោលបំណងសំខាន់ នៃសេចក្តីព្រាងច្បាប់ស្តីពីសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រឹងសុខុដុមនីយកម្មផ្នែកសាសនា នៅកម្ពុជា។




លោកបានលើកឡើងថា “កម្ពុជា មានសុខុដុមនីយកម្មសាសនាហើយ ប៉ុន្តែយើងត្រូវតែពង្រឹង និងថែរក្សា សុខុដុមនីយកម្មសាសនានេះ ឲ្យឋិតឋេរគង់វង្ស ដើម្បីជាភាពយូរអង្វែង នៃភាពរីកចម្រើនរបស់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយយើងត្រូវមានគោលការណ៍ច្បាប់ ឲ្យបានច្បាស់លាស់មួយ”។
អ្នកនាំពាក្យបានឲ្យដឹងដែរថា សេចក្តីព្រាងច្បាប់នេះ នឹងមិនអាចបញ្ចប់នៅឆាប់ៗនេះបាននោះទេ ដោយសារបច្ចុប្បន្ន កំពុងប្រមូលធាតុចូល យកទៅពិចារណាទាំងខាងគណៈសង្ឃ, សាសនាផ្សេងៗ និងទាំងខាងសង្គមស៊ីវិល។ លោកថា “សេចក្តីព្រាងច្បាប់នេះ មិនអាចបញ្ចប់ទៅបានឆាប់នោះទេ ដោយសារត្រូវការថែមថយ ពីអ្នកជំនាញពីខាងក្រុមប្រឹក្សាអ្នកច្បាប់ និងជំនាញពាក់ព័ន្ធនានា ក្នុងនោះមានទាំងខាងវប្បធម៌ ព័ត៌មាន និងនគររូបនីយកម្មនិងសំណង់ផងដែរ”។




លោក សេង សុមុនី បន្ថែមថា នៅពេលប្រមូលធាតុចូលទាំងនោះរួច ឯកឧត្តមរដ្ឋមន្ត្រី នឹងដាក់ចូលក្នុងអង្គប្រជុំ ពិចារណាថាតើធាតុចូលណា ដែលមានលក្ខណៈជាផ្លូវច្បាប់ សមរម្យ និងមានហេតុផលជាលក្ខណៈទូទៅ ដែលអាចរក្សាទុកបាន សម្រាប់កសាងច្បាប់។ ប្រសិនបើបញ្ចប់ការរកធាតុចូលហើយនោះ ក្រសួងនឹងធ្វើសិក្ខាសាលា ដើម្បីទទួលមតិពីគ្រប់អ្នកចូលរួមបន្តទៀត ហើយនៅពេលឯកភាពគ្នាហើយ ក្រសួងនឹងស្នើទៅគណៈរដ្ឋមន្ត្រី ដើម្បីប្រជុំអន្តរក្រសួងជាមួយក្រុមប្រឹក្សាអ្នកច្បាប់។










សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ មាន៤៤មាត្រា ដើម្បីកំណត់វិធានក្នុងការគ្រប់គ្រង លើកកម្ពស់ការគោរពជំនឿ និងប្រណិប័តន៍ជំនឿសាសនា តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាសិទ្ធិ សេរីភាពខាងជំនឿ និងការប្រតិបត្តិភាព ផ្លូវសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះជាលើដំបូងហើយ ដែលក្រសួងមានច្បាប់ស្តីពីសាសនា៕
អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews