30 C
Phnom Penh
Saturday, July 27, 2024

អ្នកជំនាញ៖ វ៉ាក់សាំងរបស់ Sinovac មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Gamma

ស្តាប់អត្ថបទជាសម្លេង

អ្នកជំនាញផ្នែកជំងឺឆ្លងរបស់ប្រេស៊ីលបានបញ្ជាក់កាលពីពេលថ្មីៗនេះថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac មានប្រសិទ្ធភាពក្នុងការការពារប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ហ្គាម៉ា (Gamma) ក្នុងចំណោមអ្នកដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ។

ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថាន ប៊ូតានតាន (Butantan) ដែលជាអ្នកផលិតវ៉ាក់សាំងកូវីដ-១៩ឈ្មោះកូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac ក្នុងប្រទេសប្រេស៊ីល, ក្រសួងសុខាភិបាល និងវិទ្យាល័យធំៗចំនួន៣ទៀតបានបង្ហាញថា វ៉ាក់សាំងនេះអាចការពារអ្នកដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅប្រឆាំងនឹងវីរុសកូវីដ-១៩ប្រភេទ ហ្គាម៉ា (Gamma) បានយ៉ាងមានប្រសិទ្ធភាព។

ការសិក្សានោះបានវិភាគលើអ្នកដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅចំនួន៤៣,៧៧៤នាក់ដែលរស់នៅក្នុងរដ្ឋ សៅប៉ូឡូ (Sao Paulo) និងបានបង្ហាញថាអត្រានៃការការពារប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ហ្គាម៉ា (Gamma) បានថយចុះនៅពេលដែលអាយុកាន់តែច្រើន។

ជាទូទៅការចាក់វ៉ាក់សាំងរបស់ Sinovac ចំនួន២ដូសអាចជួយកាត់បន្ថយអត្រាចូលសម្រាកនៅមន្ទីរពេទ្យបាន៥៩% និងអត្រាបាត់បង់ជីវិត៧១.៤%។

ប៉ុន្តែវ៉ាក់សាំងនេះទំនងជាមានប្រសិទ្ធភាពខ្លាំងសម្រាប់ក្រុមអាយុពី៧០ទៅ៧៤ឆ្នាំដោយអាចការពារករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ហ្គាម៉ា (Gamma) ៦១.៨%, កាត់បន្ថយអត្រាចូលសម្រាកនៅមន្ទីរពេទ្យ៨០.១% និងការពារការបាត់បង់ជីវិត៨៦%។

ក្រៅពីវ៉ារ្យង់ ហ្គាម៉ា (Gamma) , ប្រេស៊ីលក៏កំពុងប្រយុទ្ធប្រឆាំងនឹងវ៉ារ្យង់ Delta ផងដែរ ដោយមកទល់ពេលនេះមានអ្នកឆ្លងសរុបជាង២០.៦លាននាក់និងមានអ្នកបាត់បង់ជីវិតសរុបជាង៥៧៦,០០០នាក់៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img