27 C
Phnom Penh
Sunday, October 2, 2022

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័នដោយជោគជ័យ

ខេត្តសៀមរាប៖ ខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័នត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរួចរាល់ជាស្ថាពរ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា នេះថា ក្នុងដំណើការជួសជុលក្រុមការងារ ផ្តោតសំខាន់ទៅលើជញ្ជាំងខឿនរបស់រួតទី៣ជ្រុងនិរតីនេះតែម្តង បន្ទាប់មករើថ្មភក់ និងថ្មបាយក្រៀមនៅកន្លែងដែលក្រៀក ហែកចេញពីគ្នារួចហើយ អ្នកជំនាញបានយកទៅរៀបឡើងវិញ តាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យ លើគុណភាពដី របស់គ្រឹះបុរាណ។ ដោយការងារជួសជុលនេះ ក៏ត្រូវបានប្រើប្រាស់ថ្មថ្មីខ្លះៗ ដើម្បីជំនួសថ្មចាស់ ដែលបានខូចខាត។

កញ្ញាបន្តទៀតថា បញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលជួសជុលខឿនរួតទី៣ជ្រុងនិរតីនេះ   គឺត្រូវប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធ ទាំងការរើ និងជញ្ជូនថ្ម  ដោយមិនបានប្រើប្រាស់គ្រឿងយន្តនោះទេ ដែលអាចនាំឱ្យមានហានិភ័យទៅដល់ប្រាសាទទាំងមូល។

សូមជម្រាបផងដែរថា ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន បានចាប់ផ្តើមការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធខឿននៅរួតទី៣ នៃប្រាសាទបាយ័នឡើងវិញ កាលពីកំឡុងខែកុម្ភៈ ដើមឆ្នាំ២០២១មក បន្ទាប់ពីពិនិត្យឃើញថា រួតទី៣ របស់ប្រាសាទ មានការទ្រុឌទ្រោម ជាច្រើនកន្លែង ដែលត្រូវទាមទារឱ្យមានការជួសជុល ដើម្បីថែទាំ និងអភិរក្សប្រាសាទបុរាណ ឱ្យនៅគង់វង្សសម្រាប់ផលប្រយោជន៍ដល់កូនចៅជំនាន់។

 ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នតួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល៤៩ និងកំពូលខ្លោងទ្វារចូល៥ទៀត សរុបទាំងអស់ ៥៤កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង៥៤ នៅសម័យកាលនោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img