30 C
Phnom Penh
Sunday, October 6, 2024

អ្នកឆ្លងកូវីដបំប្លែងថ្មី “ដែលតា” នៅខេត្តសៀមរាប កើនដល់៥៨នាក់

សៀមរាប៖ គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ ចំនួនអ្នកវិជ្ជមានមេរោគកូវីដ-១៩ ដែលបំប្លែងថ្មី នៅក្នុងខេត្តសៀមរាប បានកើនដល់៥៨នាក់ហើយ។ ការកើនឡើងនេះ ត្រូវបានមន្ត្រីសុខាភិបាលឲ្យដឹងថា ការឆ្លងក្នុងសហគមន៍មានតួលេខខ្ពស់ជាងករណីនាំចូលដោយពលករពីក្រៅប្រទេស។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែសីហា នេះថា ក្នុងចំណោមអ្នកវិជ្ជមានមេរោគ “ដែលតា” ទាំង៥៨នាក់នេះ មាន២៤ករណី ជាករណីនាំចូលដោយពលករមកពីក្រៅប្រទេស ចំណែកឯ៣៤ករណីទៀត គឺជាការឆ្លងសហគមន៍។ លោកបន្តថា ទន្ទឹមនឹងការរកឃើញថ្មីនេះ ក៏មានអ្នកដែលជាសះស្បើយចំនួន០៧នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

យោងតាមប្រភពពីក្រុមគ្រូពេទ្យជួរមុខ បានប្រាប់ ពុទ្ធិញូវ ដោយសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការឆ្លងមេរោគបំប្លែងថ្មីនេះ មានច្រើនជាងគេ នៅក្នុងសហគមន៍ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ប្រភពបន្តថា ការឆ្លងនេះដោយសារតែមានអ្នកវិជ្ជមានមេរោគនេះ លបលួចចេញស៊ីផឹកល្មើសវិធានការរដ្ឋបាល និងម្យ៉ាងដោយសារ អាជ្ញាធរហាក់ធូររលុងនៅក្នុងការអនុវត្តវិធានការ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ អាជ្ញាធរខេត្តសៀមរាប បានដាក់ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាតំបន់ក្រហម ជាទីតាំងដែលមានការឆ្លងរាលដាលមេរោគកូវីដ១៩ខ្លាំង។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានកំណត់តំបន់លឿងទុំ នៅតំបន់មួយចំនួនទៀត ដូចជាឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គុំ សង្កាត់សាលាកំរើក និងសង្កាត់ គោកចក ក្រុងសៀមរាប៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img