30 C
Phnom Penh
Saturday, July 27, 2024

អ្នកខេត្តបាត់ដំបង សូមប្រុងប្រយ័ត្ន ! ថ្ងៃនេះមានអ្នកស្លាប់ម្នាក់ទៀត និងអ្នកឆ្លងថ្មីចំនួន៨៥នាក់ ភាគច្រើនពាក់ព័ន្ធសហគមន៍២០កុម្ភៈ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ទៀត ភេទប្រុស អាយុ៧៦ឆ្នាំ នៅស្រុកថ្មគោល បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ និងបានរកឃើញអ្នកមានវិជ្ជមានថ្មី ចំនួន៨៥នាក់ បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងខេត្តបាត់ដំបង កើនដល់៥ ៨០៧នាក់ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលផ្តល់មកភ្នាក់ងារ ពុទ្ធិញូវ ប្រចាំខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលរកឃើញថ្មីទាំង៨៥នាក់នេះ ក្នុងនោះមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៨៤នាក់ ជាពលករមកពីប្រទេសថៃចំនួន០១នាក់ និងបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន៣២នាក់ ដែលធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលក្នុងខេត្តបាត់ដំបង បានកើនដល់៧៩០នាក់ ។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ ៣ការពារបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥ ៨០៧នាក់ បានព្យាបាលជាសះស្បើយចំនួន៤ ៩៤២នាក់ មានករណីស្លាប់ចំនួន៧៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបងចំនួន៧៩០នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img