កៀវ៖ ក្រសួងការបរទេស អ៊ុយក្រែនគ្រោង កោះហៅ ឯកអគ្គរដ្ឋទូត ហុងគ្រី មកត្អូញត្អែរអំពី ការលើក ឡើងដែលនាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិចទ័រ អរបាន (Viktor Orban) បាននិយាយអំពីអ៊ុយក្រែន។
ការប្រកាសខាងលើនេះ ហាក់បង្ហាញពីទំនាក់ទំនងកម្រិតទាប រវាងប្រទេសជិតខាងទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេក នីកូលិនកូ (Oleg Nikolenko) បានឱ្យដឹងថា លោកអរបាន បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនជាទឹកដីគ្មានមនុស្ស ហើយប្រៀបធៀបវាទៅនឹងប្រទេសអាហ្វហ្គានីស្ថាន។ អ៊ុយក្រែនចាត់ទុកថា ការអត្ថាធិប្បាយបែបនេះ គឺមិនអាចទទួលយកបានទាំងស្រុង។ ទីក្រុង Budapest កំពុងចង់បំផ្លាញទំនាក់ទំនងហុងគ្រី និងអ៊ុយក្រែន។


អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា «ឯកអគ្គរដ្ឋទូតហុងគ្រីនឹងត្រូវកោះហៅទៅកាន់ក្រសួងការបរទេសអ៊ុយក្រែន ដើម្បីពិភាក្សាដោយស្មោះត្រង់។ យើងរក្សាសិទ្ធិក្នុង ការចាត់វិធានការផ្សេង ទៀតជាការឆ្លើយតប»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីបាននិយាយថា ប្រទេសហុងគ្រីនឹងបោះឆ្នោតវេតូរាល់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលពាក់ព័ន្ធដល់ថាមពលនុយក្លេអ៊ែរ។ ហុងគ្រីមានរោងចក្រនុយក្លេអ៊ែរដែលផលិតដោយរុស្ស៊ី ហើយគ្រោងនឹងពង្រីកថែមទៀត៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News