26 C
Phnom Penh
Saturday, July 27, 2024

អ៊ីស្រាអ៊ែល និងក្រុមហាម៉ាសបង្កើតក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល និងក្រុមហាម៉ាសបានបង្កើតនូវក្តីសង្ឃឹមកាលពីថ្ងៃទី៩ ខែមេសា ក្នុងកិច្ចចរចានៅទីក្រុងគែរ ឆ្ពោះទៅរកបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ថា ជាវឌ្ឍនភាពដ៏សំខាន់។ ខណៈសង្គ្រាមនៅតំបន់ហ្គាហ្សាបានឈានចូលដល់ខែទី៧ អ៊ីស្រាអែលកំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំង ដើម្បីយល់ព្រមលើបទឈប់បាញ់ រួមទាំងពីសម្ព័ន្ធមិត្តកំពូល និងអ្នកផ្គត់ផ្គង់អាវុធ។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាន ទទូចកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនៅសល់ “មួយជំហានពីជ័យជំនះ” ហើយបានប្តេជ្ញាថា នឹងកម្ចាត់យុទ្ធជនហាម៉ាសដែលនៅសេសសល់ក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza។ នៅថ្ងៃដដែលនោះ អ៊ីស្រាអែលក៏បានប្រកាសថា ខ្លួនបានដកកងកម្លាំងចេញពីតំបន់ហ្គាហ្សាភាគខាងត្បូងដោយមេបញ្ជាការយោធាបានសង្កត់ធ្ងន់ថា ជាការដកទ័ពមានលក្ខណៈយុទ្ធសាស្ត្រ និងមិនបានបង្ហាញពីការបញ្ចប់សង្គ្រាមទេ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បាននិយាយថាកងទ័ពនឹងរៀបចំសម្រាប់បេសកកម្មនាពេលខាងមុខ រួមទាំងនៅ Rafahនៅព្រំដែនអេហ្ស៊ីប ដែលមានប្រជាជនហ្គាហ្សាជិត 1.5លាននាក់ រស់នៅក្នុងជម្រក និងតង់ ដែលមានមនុស្សច្រើន។ សាក្សីបានប្រាប់ AFP ថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែលកាន់តែច្រើននៅកណ្តាលហ្គាហ្សារួមទាំងនៅជិតទីក្រុង Gaza និងនៅ Deir al-Balah ក៏ដូចជានៅ Rafah ភាគខាងត្បូងផងដែរ។ លោក Netanyahu បានបញ្ជូនអ្នកចរចាទៅកាន់កិច្ចចរចាបទឈប់បាញ់ថ្មីដែលបានចាប់ផ្តើមនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមពីអ្នកសម្របសម្រួលអាមេរិក កាតា និងអេហ្ស៊ីប។ប្រធានាធិបតីអាមេរិកលោក Joe Bidenបានបញ្ជូនប្រធាន CIA លោក Bill Burnsទៅកាន់កិច្ចពិភាក្សានេះ ៣ថ្ងៃបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោកNetanyahu ដែលលោក Biden បានទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។ សារព័ត៌មានរដ្ឋអេហ្ស៊ីប Al-Qahera បានរាយការណ៍ថា”វឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងលើចំណុចចម្រូងចម្រាសជាច្រើននៃកិច្ចព្រមព្រៀង”។ គណៈប្រតិភូកាតា និងក្រុមហាម៉ាសបានចាកចេញពីទីក្រុងគែរ ហើយត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញ “ក្នុងរយៈពេល ២ថ្ងៃ ដើម្បីបញ្ចប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀង” ខណៈក្រុមអាមេរិក និងអ៊ីស្រាអែលក៏កំពុងរៀបចំផែនការពិគ្រោះយោបល់រយៈពេល 48 ម៉ោងផងដែរ។ លោក Netanyahuប្រឈមនឹងការរុញច្រានពីសម្ព័ន្ធមិត្តស្តាំនិយមមួយ ដែលលោកត្រូវការដើម្បីរក្សាសំឡេងភាគច្រើនក្នុងសភានិងបន្តកាន់អំណាច គឺរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir។ លោក Ben Gvir បានព្រមានថា”ប្រសិនបើនាយករដ្ឋមន្ត្រីសម្រេចចិត្តបញ្ចប់ សង្គ្រាមដោយគ្មានការវាយប្រហារលើRafah ដើម្បីកម្ចាត់ក្រុម Hamas គាត់នឹងមិនមានអាណត្តិដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ”។ តួលេខរបស់អ៊ីស្រាអែលបង្ហាញថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសថ្ងៃទី៧ ខែតុលា បណ្តាលឲ្យមនុស្ស ១.១៧០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិលនិងបានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសជាង 250នាក់ ក្នុងនោះ 129នាក់ ស្ថិតនៅតំបន់ហ្គាហ្សា ហើយ34នាក់ បានស្លាប់។ ការសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់33,207 នាក់ ភាគច្រើនជាស្ត្រី និងកុមារយោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img