26 C
Phnom Penh
Saturday, July 27, 2024

អ៊ីស្រាអែលពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋអាយុលើសពី៤០ឆ្នាំនិងគ្រូបង្រៀន

រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឥលូវនេះពលរដ្ឋអ៊ីស្រាអែលមានអាយុលើសពី៤០ឆ្នាំនិងគ្រូបង្រៀនមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ឬដូសជម្រុញរបស់ក្រុមហ៊ុន Pfizer ដោយសង្ឃឹមថាការពង្រីកយុទ្ធនាការនេះនឹងអាចជួយទប់ស្កាត់ការឆ្លងរាលដាលនៃវ៉ារ្យង់ Delta ។

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការណែនាំពីក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលអ៊ីស្រាអែលនិងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផែនការចាក់ដូសទី៣ដល់ពលរដ្ឋអាមេរិកទាំងអស់ដោយសំអាងលើទិន្នន័យដែលបង្ហាញថាការការពារបានធ្លាក់ចុះ។

បណ្តាប្រទេសដទៃទៀតដូចជាកាណាដា, បារាំង និងអាល្លឺម៉ង់ក៏គ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់ដូសជម្រុញនេះផងដែរ។

ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមចាក់ដូសទី៣ដល់ពលរដ្ឋអាយុលើសពី៦០ឆ្នាំកាលពីខែកក្កដា ហើយបន្ទាប់មកកាត់បន្ថយមកដល់អាយុចាប់ពី៥០ឆ្នាំឡើងទៅដោយក្រសួងសុខាភិបាលបានលើកឡើងពីមូលហេតុថាប្រព័ន្ធភាពស៊ាំថយចុះ និងវីរុសកូវីដ-១៩ប្រភេទ Delta អាចឆ្លងបានលឿន។

ចាប់តាំងពីពេលនោះមក ជាង១លាននាក់ក្នុងចំណោមពលរដ្ឋអ៊ីស្រាអែលសរុប៩.៣លាននាក់បានទទួលការចាក់ដូសទី៣ដែលអាជ្ញាធរសុខាភិបាលបាននិយាយថាវាមានប្រសិទ្ធភាព៨៦%ក្នុងការពារការឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលអ៊ីស្រាអែលបានប្រកាសថា ការចាក់ដូសទី៣នឹងត្រូវបានផ្តល់ឲ្យតែអ្នកដែលបានចាក់ដូសទី២យ៉ាងហោចណាស់កាលពី៥ខែមុនប៉ុណ្ណោះ និងបានឲ្យដឹងថាស្ត្រីមានផ្ទៃពោះក៏អាចចាក់ដូសទី៣បានផងដែរ៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img