ស្តាប់អត្ថបទជាសំឡេង
កំពត៖ ផ្លូវបេតុងមួយខ្សែប្រវែង ១,៨៨០ម៉ែត្រ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់តាមរយៈរដ្ឋបាលខេត្តកំពត ក្នុងស្រុកកំពង់ត្រាច ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។


ផ្លូវមួយខ្សែនេះធ្វើឡើងពីបេតុងអាមេ ប្រវែងសរុប ១,៨៨០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងមានប្រព័ន្ធលូអមសងខាងផ្លូវ ដោយតភ្ជាប់បំបែកចេញពីផ្លូវលេខ៣៣ ក្នុងទីរួមស្រុកកំពង់ត្រាច ចូលទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច។ ផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃ ដោយផ្អែកលើវិស័យទេចរណ៍ ការដឹកជញ្ជូនកសិផលទៅទីផ្សារ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកស្រុក និងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ទៅសាលារៀន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាកម្សាន្តលេងនៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច។


ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានប្រាប់ដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទាំងអស់គ្នា ត្រូវតែខិតខំយកចិត្តទុកដាក់ចូលរួមថែរក្សា សមិទ្ធផលនានាដែលមានសព្វថ្ងៃ ឱ្យបានគង់វង្ស យូរអង្វែង ដើម្បីរួមគ្នាបន្តដំណើរជម្រុញការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ក្នុងគោលដៅដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានល្អប្រសើរឡើង៕


















អត្ថបទ និងរូបភាពដោយ៖Puthi News