26 C
Phnom Penh
Saturday, July 27, 2024

អំណោយមនុស្សធម៌របស់សម្ដេចតេជោ ត្រូវបានប្រគល់ជូនជនទី៨លាន និងលោកតា លោកយាយ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅខេត្តស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖  លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបន្ដបេសកកម្មពេញ ក្នុងការនាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់ជូនអ្នកទី៨លាន នៃការចាក់វ៉ាក់សាំង និងលោកតា លោកយាយ អាយុ១០០ឆ្នាំឡើងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង។

អ្នកទី៨លាន ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រូបគាត់បានចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូននាឱកាសនោះ រួមមាន ថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀតផងដែរ។

បន្ទាប់ពីបញ្ចប់ការប្រគល់អំណោយជូនអ្នកទី៨លានភ្លាម ដោយមិនបង្អង់យូរឡើយលោកស្រី ឱ វណ្ណឌីន បានដឹកនាំក្រុមការងារធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីយកអំណោយប្រគល់ជូនលោកតាម្នាក់ ដែលមានអាយុ១០១ឆ្នាំ ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ ញ៉ិក យ៉ង់ អាយុ១០១ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ទីតាំងអាសយដ្ឋានរបស់លោកតា គឺស្ថិតនៅជើងភ្នំត្បែង នៃខេត្តព្រះវិហារ។

 ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ទាប់ពីប្រគល់អំណោយជូនលោកតាអាយុ១០១ឆ្នាំរួច លោកស្រី ឱ វណ្ណឌីន បានបន្ដដំណើរមកកាន់ខេត្តកំពង់ធំ ដើម្បីផ្ដល់អំណោយជូនលោកយាយ សុខ អេង អាយុ១០២ឆ្នាំ រស់នៅភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោង។

គួរជម្រាបថា ក្នុងពិធីប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន, លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឱ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img