ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ អគ្គរាជទូតអូស្ត្រាលី បានលើកឡើងនូវសំណើលើកិច្ចការមួយចំនួនទៀត ដូចជា ការសិក្សាបុរេសមិទ្ធិ ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជា ក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។
បន្ថេមពីនេះ លោកអគ្គរាជទូតរូបនេះ ក៏បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០លានដុល្លារអូស្រ្តាលី និងអាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ។
ការលើកសំណើលើកិច្ចការនេះរបស់លោក PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលីប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តាមប្រព័ន្ធ Video Conference នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងជំនួបពិភាក្សានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និងហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជាគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាជំហានទី១ និងទី២ ដែលផ្ដោតលើការស្ដារ និងកសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និងភាពធន់កសិកម្ម ជាដើម។
ក្នុងឱកាសនោះលោក PABLO KANG ឯកអគ្គរាជទូតអូស្រ្ដាលី បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី នូវវឌ្ឍនភាពនៃគម្រោងនានា ដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា គំនិតផ្ដួចផ្ដើមភាពជាដៃគូមេគង្គអូស្រ្ដាលី មជ្ឈមណ្ឌលមេគង្គអូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ ចំណីអាហារ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកអគ្គរាជទូត ឧបនាយករដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់កន្លងមក។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីរីករាយ និងការគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមដល់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្រ្តាលី ផងដែរ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និងវែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួន០៣គឺ ការងើបឡើងវិញ កំណែទម្រង់ និង ភាពធន់ (3Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ និងរូបភាពដោយ៖ Puthi News