30 C
Phnom Penh
Saturday, July 27, 2024

អាល់កុលក្លែងក្លាយជាង៧ម៉ឺនលីត្របន្ថែមទៀត ត្រូវបានបំផ្លាញចោល

ភ្នំពេញ៖ អាល់កុលក្លែងក្លាយ (លាយសារធាតុមេតាណុលលើសកម្រិត)ចំនួន ៧៤,០៦០លីត្រ បន្ថែមទៀត ត្រូវបានមន្ត្រីជំនាញប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការកម្ទេចចោលនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីធ្វើការដកហូតបានពីជនទុច្ចរិត នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ហើយមកទល់នឹងពេលនេះទើបនឹងបញ្ចប់នីតិវិធី។

មន្ត្រីជំនាញបានបញ្ជាក់ថា អាល់កុលទាំងនេះជាអាល់កុលក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយក៏គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗនោះទេ ជាពិសេសមេរោគកូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏មិនមានច្បាប់អនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់។

ក្នុងពិធីបំផ្លាញនោះ លោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានផ្ញើសារដល់ជនខិលខូចឱ្យឈប់លក់អាល់កុល និងបរិក្ខារពេទ្យក្លែងក្លាយបន្តទៀត បើមិនចង់ជាប់ទោសទណ្ឌ។ 

ដូច្នេះ គ្រប់ភាគីទាំងអស់ត្រូវចូលរួមជួយទប់ស្កាត់កូវីដ-១៩ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក៏បានចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់បរិក្ខារពេទ្យ ជាពិសេសអាល់កុល ម៉ាស ជែល និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែជនឱកាសនិយមនៅតែឆ្លៀតឱកាស។ ទន្ទឹមនឹងនេះ ជនឱកាសនិយមបានផលិតបរិក្ខារពេទ្យ និងអាល់កុលក្លែងក្លាយ ព្រោះតម្លៃនៃការផលិតទាប ធ្វើឱ្យលក់ទៅចំណេញបានច្រើន។ ដូចនេះសមត្ថកិច្ចជំនាញនៅតែធ្វើការស្រាវជ្រាវរកបរិក្ខារពេទ្យក្លែងក្លាយ និងត្រូវតែពិនិត្យ និងបង្ក្រាបជាចាំបាច់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img