សហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធក្នុងទំហំទឹកប្រាក់សរុបចំនួន ៦១៩ លានដុល្លារដល់កោះតៃវ៉ាន់ រួមទាំងគ្រាប់មីស៊ីលដែលត្រូវប្រើសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា រដ្ឋបាលរបស់លោក ចូ បៃដិន ក៏បានយល់ព្រមលើការលក់គ្រាប់មីស៊ីល ក៏ដូចជាសព្វាវុធគាំទ្រផ្សេងទៀតផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយទៀតថា “ការលក់តាមការស្នើសុំនេះ នឹងចូលរួមចំណែកដល់សមត្ថភាពការការពារដែនអាកាស ការពារសន្តិសុខក្នុងតំបន់ និងអន្តរប្រតិបត្តិការរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក”។
ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានសម្តែងការដឹងគុណចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តលក់កញ្ចប់សព្វាវុធនេះផងដែរ ។
ក្រសួងបាននិយាយថា គ្រាប់មីស៊ីលនេះនឹងជួយឲ្យការការពារដែនអាកាសរបស់កោះតៃវ៉ាន់កាន់តែមានប្រសិទ្ធិភាពក្នុងការដោះស្រាយជាមួយនឹងការគំរាមកំហែង និងការបង្កហេតុពីយោធាកុម្មុយនិស្ត ជាពិសេសនឹងជួយឲ្យស្តុកអាវុធការពារជាតិរបស់តៃវ៉ាន់កាន់តែមានច្រើន ។
គួរបញ្ជាក់ថា ការអនុម័តនេះធ្វើឡើង បន្ទាប់ពីមានការយល់ព្រមរបស់សហរដ្ឋអាមេរិកកាលពីខែធ្នូឆ្នាំមុន នៃការលក់អាវុធដល់កោះតៃវ៉ាន់ដែលមានតម្លៃ ៤២៨ លានដុល្លារ ក្នុងនោះក៏មានអាវុធជំនួសយន្តហោះ F-16 របស់កោះតៃវ៉ាន់ និងយន្តហោះដឹកជញ្ជូន C-130 ជាដើម ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News