26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរ ក្រុងព្រះសីហនុ បើកយុទ្ធនាការ ផ្សព្វផ្សាយ ពីវេលាបញ្ចេញប្រមូលនិងដឹកជញ្ជូនសំរាមលើកទី១ ចំនួនផ្លូវ៤៧ខ្សែ។

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖ ដើម្បីសោភណភាពក្រុងព្រះសីហនុ គ្មានសំរាមនៅតាមដងផ្លូវសាធារណៈទីប្រជុំជនក៏ដូចជាតាមតំបន់ឆ្នេរ លំនៅដ្ឋានប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២១ នេះ រដ្ឋបាលក្រុង បាន យុទ្ធនាការ ចុះបិទផ្សព្វផ្សាយប័ណ្ណព័ត៌មាន អំពីពេលវេលាបញ្ចេញប្រមូល និងដឹកជញ្ជូនសំរាមជាលើកទី ១ចំនួន ៤៧ ខ្សែផ្លូវ នៅក្នុងក្រុងព្រះសីហនុ ក្រោមការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោ អ៉ី សុខឡេង អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសំរាមនិងអាជ្ញាធរមូលដ្ឋាន បានចូលរួមផងដែរ។

នាឱកាសនោះ លោក គួច ចំរើន បាន លើកឡើងថា ការបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណពត៌មានបញ្ចេញសំរាមនៅតាមខ្សែផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុង ដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លងមកសំរាមមានការកកស្ទះនៅក្រុងព្រះសីហនុ ការបញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិនទាន់ឆ្លើយតប។

លោកអភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលក្រុងបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធតាមអនុក្រឹត្យលេខ១១៣ ដោយរៀបចំកម្មវិធីប្រមូលសំរាម និងសកម្មភាពដឹកជញ្ជូនសំរាមចេញពីក្រុងព្រះសីហនុ រដ្ឋបាលក្រុងបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ទន្ទឹមនោះក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមត្រូវជ្រើសរើសបុគ្គលិក បន្ថែមរថយន្តដឹកជញ្ជូនសំរាម និងឧបករណ៍បំពាក់បន្ថែមទៅតាមតម្រូវការផ្សេងៗ។

ជាមួយគ្នានេះ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានលើកឡើងថា ដើម្បីគ្រប់គ្រងសំរាម នៅក្នុងទីប្រជុំជនក្រុង ឱ្យមានសោភណភាពនិងបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុហើយនៅព្រឹកនេះអាជ្ញាធរក្រុង សហការជាមួយនឹងក្រុមហ៊ុន ប្រមូលសំរាម KSWM បានរៀបចំ ការគ្រប់គ្រងសំរាមទៅតាមពេលវេលានិងម៉ោងកំណត់ក្នុងនោះសញ្ញាពណ៌ខៀវសម្គាល់ការបញ្ចេញនិងប្រមូលដឹកជញ្ជូនសំរាមរាល់ថ្ងៃ ប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៣ ទៀបភ្លឺក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនចាប់ពីម៉ោង ៣ ទៀបភ្លឺ រហូតដល់ម៉ោង ១០ព្រឹក។ ចំណែកសញ្ញាពណ៌ក្រហមសម្គាល់ការបញ្ចេញនិងប្រមូលដឹកជញ្ជូនសំរាមរាល់ថ្ងៃប្រជាពលរដ្ឋបញ្ចេញសំរាមចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៣ ទៀបភ្លឺក្រុមហ៊ុនប្រមូលនិងដឹកជញ្ចូនចាប់ពីម៉ោង ៣ ទៀបភ្លឺរហូតដល់ម៉ោង ៨ព្រឹក។

លោក សុខឡេង បានថ្លែងថា«យោងតាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនការបញ្ចេញសំរាមខុសពេលវេលាត្រូវផាកពិន័យចាប់ពី ២ ម៉ឺនរៀលដល់ ៤០ ម៉ឺនរៀលហើយចំពោះក្រុមហ៊ុនមិនបានប្រមូលនិងដឹកជញ្ជូនសំរាមតាមពេលវេលាកំណត់ដូចខាងលើក្រុមហ៊ុនក៏ត្រូវទទួលការផាកពិន័យដូចមានចែងក្នុងកិច្ចសន្យាប្រមូលសំរាម» ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img