ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយទាហាន នៃកងពលតូចលេខ៧០ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីវត្តអារាមទាំង ១៥១វត្ត នៅទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រូពេទ្យចុះយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានា ទូទាំងរាជធានីភ្នំពេញ រួចរាល់អស់ហើយ។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនេះ អាជ្ញាធរបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពកងពលតូចលេខ៧០ ដោយធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាវត្តទូទាំងរាជធានី។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែកញ្ញា បានរកឃើញព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្ស និស្សិតស្នាក់នៅតាមវត្តចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមសំណាកចំនួន ៨,៩៧៥អង្គ/នាក់៕
អត្ថបទ និងរូបភាពដោយ៖ Puthinews