30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធររាជធានីភ្នំពេញ ណែនាំពលរដ្ឋឱ្យញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនងារស្រួលប្រមូល

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពី ការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួប្រមូល។ 

ក្នុងសេចក្តីណែនាំដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួន៣ទំព័រ និងមាន១៣ចំណុច នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ និងត្រូវញែកសំរាម សំណល់រឹង ជា២ប្រភេទគឺ សំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។ ចំពោះសំរាមសើម សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ ចំណែកសំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដបត្រូវដាក់ក្នុងថង់ពណ៌ស។ 

ចំពោះការទុកដាក់សំរាមបានត្រឹមត្រូវនេះ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ ទាំង២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ ដូច្នេះប្រជាពលរដ្ឋ អាចរកទិញថង់ទាំង២ពណ៌ខាងលើនេះ នៅតាមបណ្តាទីផ្សារនានា និងហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយនឹងសំរាមសើម និងសំរាមស្ងួត។ 

យោងតាមការបញ្ជាក់ដោយសាលារាជធានីភ្នំពេញ បានអះអាងថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមក ក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្ដើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ 

ក្រុមហ៊ុនទាំង៣នោះគឺ ទី១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន៥ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់សេវាក្នុង តំបន់ទី២ ដែលមាន៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ៕ 

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img