30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកផ្លូវមួយចំនួន ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មី Delta រយៈពេល១សប្តាហ៍

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ច្រកចេញចូលផ្លូវលេខ៣៧២ ៣៧២z និងផ្លូវលេខ៣៦២ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការរីករាលដាលកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា (Delta)។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា បន្ថែមរយៈពេល៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៧ ខែសីហារ ហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មី ដែលតា (Delta)។ ទន្ទឹមនឹងនេះ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល នឹងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងទីតាំង លើកលែងតែករណីចំបាច់មួយចំនួនដែលកំណត់ដោយអាជ្ញាធរគឺ៖

– ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់។ 

– ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

– ការវិលត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច។ 

– ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មីប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍។ 

ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគ ចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់។ 

– ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img