30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនចាប់ពីអាយុ១៨ឆ្នាំឡើង នៅខេត្តត្បូងឃ្មុំ

ស្តាប់អត្ថបទជាសំឡេង

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនអាយុចាប់ពី១៨ឆ្នាំឡើង ខណៈចាក់បានចំនួន៥១៨,១៣០នាក់។ ការបិទបញ្ចប់យុទ្ធនាការនេះធ្វើឡើងក្រោមវត្តមាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាជនបាននៅទូទាំងប្រទេស ហើយមកដល់ពេលនេះបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនអាយុចាប់ពីអាយុ១៨ឆ្នាំ បានចំនួនជិត២០រាជធានីខេត្តហើយ។ ការចាក់វ៉ាក់សាំង មិនមែនមានន័យថា មិនឆ្លងជំងឺកូវីដ-១៩នោះទេ។ ដូចនេះត្រូវការពារជានិច្ច ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវបន្តការងារការពារឱ្យបានខ្លាំងខ្លាថែមទៀតក្នុងការទប់ស្កាត់ជំងឺកាចសាហាវមួយនេះ។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានចូលរួមយ៉ាងល្អ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងនោះប្រជាជនអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន៥១៨,១៣០នាក់ អាយុ១២ ដល់អាយុក្រោម១៨ឆ្នាំ ចាក់បាន ១០១,៦៥០នាក់ និងអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ ចាក់បានចំនួន៨៧, ៨៣៨ឆ្នាំ បានចាក់រួច និងសរ៉ុបនៅទូទាំងខេត្ត មានចំនួន ៧០៧, ៦១៨នាក់។

សូមបញ្ជាក់ថា សម្រាប់ខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៦,៦៨៦នាក់ ជាសះស្បើយវិញចំនួន ៤,៨០០នាក់ ក្នុងនោះស្លាប់ចំនួន៧២នាក់ ហើយកំពុងសម្រាក់ព្យាបាលចំនួន១,៧៩៩នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img