30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរថៃ ចាប់ខ្លួនពលករខ្មែរ១៥នាក់ លួចចូលទឹកដីថៃ និងជនជាតិថៃ០៩នាក់ បម្រុងលួចចូលទឹកដីកម្ពុជា តាមច្រកប៉ោយប៉ែត

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ នគរបាលល្បាតព្រំដែនទី១២ របស់ប្រទេសថៃ សហការជាមួយកម្លាំងនគរបាល និងកម្លាំងទាហានស្រុកតាព្រះយ៉ា បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ១៥នាក់ (ប្រុស១០នាក់) នៅបរិវេណចម្ការដំឡូង ក្នុងភូមិទ័ពសៀម ឃុំ-ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ចនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្នុងការចាប់ឃុំខ្លួនខាងលើ សមត្ថកិច្ចថៃបានចោទប្រកាន់ពលរដ្ឋខ្មែរទាំង ១៥នាក់ ជាបុគ្គលអន្តោប្រវេសន៍ សញ្ជាតិកម្ពុជា លួចឆ្លងចូល និងស្នាក់នៅក្នុងប្រទេសថៃ ដោយមិនមានការអនុញ្ញាត ទើបបញ្ជូនខ្លួនទៅសួរចម្លើយនៅទីបញ្ជាការកងរយ ទី៣។ ពេលសមត្ថកិច្ចថៃសួរចម្លើយ ពួកគេទាំង១៥នាក់ បានសារភាពថា លួចចូលមកប្រទេសថៃតាមច្រករបៀងនេះទៅធ្វើការនៅផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ដែលមានជនជាតិខ្មែរ មិនស្គាល់ឈ្មោះជាអ្នកនាំផ្លូវដើរមកពីប្រទេសខ្មែរ ដោយត្រូវចំណាយលុយក្នុងការចូលចាប់ពី ៥,០០០-៦,០០០បាត នៅពេលដល់គោលដៅទើបចំណាយលុយឱ្យ។ ក្រោយការសួរចម្លើយរួចរាល់ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរទាំង១៥នាក់ ប្រគល់ទៅឱ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។ 

ដោយឡែក សមត្ថកិច្ចស្រុកតាព្រះយ៉ា ក៏បានសហការជាមួយនគរបាល ស្រុកគោកឃ្យូង និងអាជ្ញាធរ ស្រុកគោកឃ្យូងធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន០៩នាក់ នៅបរិវេណភូមិណូនម៉ាកមុន ឃុំណូនម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ។ 

ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនជាតិថៃទាំង០៩នាក់ខាងលើ បានសារភាពថា ពួកខ្លួនធ្វើដំណើរមកពីតាមបណ្ដាខេត្ត ដោយ មកជួបជុំគ្នានៅបេនឡានក្នុងទីរួមស្រុកអារញ្ញ។ បន្ទាប់មកមានរថយន្តទៅទទួល និងដឹកមកព្រំដែនកម្ពុជា-ថៃ បរិវេណភូមិណូនម៉ាកមុន ឃុំណូនម៉ាកមុន រួចហើយពួកខ្លួនព្យាយាមលួចធ្វើដំណើរចាកចេញពីប្រទេសថៃ តាមច្រករបៀង បរិវេណខាងលើ និងបន្តដំណើរទៅធ្វើការជាបុគ្គលិកកាស៊ីណូនៅក្នុងប្រទេសកម្ពុជា តែមិនទាន់បានទៅដល់ផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។ សមត្ថកិច្ចថៃក៏បានឃុំខ្លួនជនសង្ស័យទាំងអស់ដើម្បីសួរនាំបន្ថែម និងធ្វើកំណត់ហេតុចាប់ឃុំខ្លួន រួចហើយបញ្ជូនទៅឱ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img