26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរថៃ ចាប់ខ្លួនពលករខ្មែរ១៤នាក់ លួចឆ្លងដែនចូលប្រទេសថៃ និងជនជាតិថៃ០៦នាក់បម្រុងចូលមកកម្ពុជា

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ទាហានថៃស្រុកតាព្រះយ៉ា បានចាប់ខ្លួនពលករខ្មែរចំនួន ១៤នាក់ លួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេណភូមិលូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ ក្រៅពីចាប់ខ្លួនជនជាតិខ្មែរ ទាហានថៃក៏បានចាប់ខ្លួនជនជាតិថៃចំនួន០៦នាក់ ផងដែរ នៅគោលដៅផ្សេងគ្នា ដែលពួកគេបម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅច្រកព្រំដែន បានឱ្យដឹងថា ក្រោយពីចាប់បានសមត្ថកិច្ចថៃយកទៅសួរចម្លើយ ហើយពលករខ្មែរទាំងអស់បានប្រាប់ថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងទៅប្រមូលផ្ដុំគ្នានៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានអ្នកនាំផ្លូវ(មេខ្យល់)ជនជាតិខ្មែរនាំដើរកាត់តាមច្រករបៀង និងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីទៅឡើងរថយន្តនៅ  ភូមិណាងង៉ាម ឃុំតាព្រះយ៉ា ក្នុងទឹកដីថៃ តែត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ដោយអ្នកទាំងអស់មានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ និងបានចំណាយលុយទៅឱ្យមេខ្យល់ក្នុងការធ្វើដំណើរអស់ក្នុងម្នាក់ៗចំនួន ៦,០០០បាត។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនពលករទាំងអស់ទៅសួរចម្លើយ នឹងធ្វើកំណត់ហេតុចាប់ខ្លួនដោយអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ដោយឡែកនៅថ្ងៃដដែលនោះដែរ កម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា សហការជាមួយកងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ១គ្រឿង បើកចូលក្នុងភូមិសាស្ត្រទទួលខុសត្រូវ ទើបសមត្ថកិច្ចឃាត់ឱ្យឈប់ និងចូលទៅត្រួតពិនិត្យរថយន្តឃើញជនជាតិថៃចំនួន ០៦នាក់(ស្រី០៤នាក់) ដោយពួកគេបានសារភាពថា កំពុងលួចឆ្លងដែនទៅប្រទេសកម្ពុជា។ ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពួកគេបានសារភាពថា ទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ហើយការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញជាអ្នកចំណាយទាំងអស់។ 

ដោយឡែកអ្នកនាំបានទទួលថ្លៃឈ្នួលក្នុងម្នាក់ ៥០០បាត សរុប ៣.០០០បាត ក្នុងការនាំជនជាតិថៃខាងលើទៅឯព្រំដែន តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ទើបសមត្ថកិច្ចថៃបញ្ជូនទៅឱ្យជំនាញ ដើម្បីចាត់ការបន្តតានីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img