30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតជួសជុលកែលម្អ លំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចដល់អ្នកស្រុកអង្គរជាង១ពាន់គ្រួសារ ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២១

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ សំណង់ស្រាលតូចតាចរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រមាណជាង១ពាន់គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរា ផ្តល់ការអនុញ្ញាតឲ្យសាងសង់ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍របស់អាជ្ញាធរអប្សរា បានឲ្យដឹងថា ក្នុងរយៈពេល៩ ខែក្នុងឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ និងក្រុមការងារក្រៅឧទ្យាននៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យមើលការសុំសាងសង់របស់ប្រជាពលរដ្ឋចំនួន១,៨៧៤ គ្រួសារ ក្នុងនោះក្រុមការងារបានអនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចបានចំនួន១,១៦២គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

របាយការណ៍បន្តថា ក្នុងចំណោមអ្នកស្រុក១,១៦២ គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន៖ ស្រុកប្រាសាទបាគងចំនួន១៧៤គ្រួសារ ស្រុកអង្គរធំចំនួន២៦៣ គ្រួសារ ស្រុកពួកចំនួន១៨០គ្រួសារ ក្រុងសៀមរាបចំនួន២៦៩គ្រួសារ ស្រុកបន្ទាយស្រីចំនួន២៤៤គ្រួសារ និងក្រុមការងារក្រៅឧទ្យានចំនួន៣២ គ្រួសារ។ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាលតូចតាចដែលទទួលបានការអនុញ្ញាតរួមមាន៖ ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប តឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ក្នុងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

អាជ្ញាធរជាតិអប្សរាមិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ក្នុងនោះក៏បានធ្វើការដោះស្រាយបញ្ហាប្រឈមនានាការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាករួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា។ ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលានិងការធ្វើដំណើរទៅមក។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img