ខេត្តសៀមរាប៖ ក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងសំណាញ់ ធ្វើជារនាំងការពារមិនឱ្យសត្វប្រចៀវចូលស្នាក់អាស្រ័យនៅក្នុងថែវព្រះពាន់ នៃប្រាសាទអង្គរវត្ត។
លោក សយ សុភារិន្ទ ជាបុរាណវិទូ ទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត និយាយថា ក្រុមការងារកំពុងអនុវត្តគម្រោងដាក់សំណាញ់ការពារសត្វប្រចៀវ កុំឱ្យទំនៅផ្នែកដំបូលនៃថែវ។ មូលហេតុសំខាន់ដែលសម្រេចឱ្យរៀបចំកិច្ចការនេះឡើងព្រោះទឹកនោម និងលាមកសត្វប្រចៀវ នៅពេលមានសំណើម ឬលាយទឹក បានបង្កើតជាតិអំបិល ដែលសារធាតុនេះងាយនឹងធ្វើឱ្យថ្មមានការពុកផុយ។

កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំបែបនេះនៅកន្លែងផ្សេងហើយ ឃើញថាការបាំងសំណាញ់នេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់សត្វប្រចៀវមិនឱ្យចូលទំនៅផ្នែកដំបូលប្រាសាទតទៅទៀត។ ថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់ ប៉ុន្តែថ្មប្រាសាទបានរងការខូចខាតដោយបញ្ហាទឹកនោម និងលាមកនៃហ្វូងសត្វប្រចៀវ។
ថែវព្រះពាន់ ជាទីតាំងដ៏សក្ការៈមួយនៅប្រាសាទអង្គរវត្ត។ ថែវនេះមានសសរច្រើន និងលម្អដោយចម្លាក់ក្បូរក្បាច់យ៉ាងល្អវិចិត្រ៕



អត្ថបទ និងរូបភាពដោយ៖ Puthi News