23.8 C
Phnom Penh
Saturday, December 14, 2024

អាជ្ញាធរខេត្តសៀមរាបនៅតែបន្ត ការរឹតបន្តឹងនិងអនុវត្តច្បាប់ នៅក្នុងតំបន់ក្រហមយ៉ាងយកចិត្តទុកដាក់

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ គណៈបញ្ជាការឯកភាពនៃខេត្តសៀមរាប បានចាប់ផ្តើមរឹតបន្តឹងបន្ថែមទៀតលើវិធានការច្បាប់សម្រាប់ជនទាំងឡាយណាដែលមិនគោរពវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ នៅតាមតំបន់ហានិភ័យ ជាពិសេសតំបន់ក្រហម ក្នុងក្រុងសៀមរាប។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ក្រោមបទបញ្ជារបស់លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិផងដែរ ដែលជាកងកម្លាំងសហការរបស់មូលដ្ឋាន បានចេញប្រតិបត្តិការរឹតបន្តឹងបន្ថែមទៀត រួមជាមួយនឹងយន្តការត្រួតពិនិត្យ លើការអនុវត្តវិធានការចាំបាច់នានានៅក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានីភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានឲ្យដឹងថា ប្រតិបត្តិការលើកនេះ មិនត្រឹមតែកម្លាំងសហការនៅប្រចាំយាមនៅតាមច្រកគោលដៅ ត្រូតពិនិត្យការធ្វើដំណើរចេញចូលពីតំបន់មួយ ទៅតំបន់មួយរបស់ប្រជាពលរដ្ឋដែលត្រូវបានហាមឃាត់ប៉ុណ្ណោះទេ តែប្រតិបត្តិការលើកនេះ ត្រូវបានបន្ថែមមធ្យាបាយល្បាតចល័ត ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង៩០គ្រឿង និងរថយន្តចំនួន៥គ្រឿងបន្ថែមទៀត ប្រដាប់ដោយសម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។

គួររំលឹកដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ ជាសប្តាហ៍ទី១ ដែលរដ្ឋបាលខេត្តសៀមរាបបានសម្រេចដាក់ក្រុងសៀមរាប ជាតំបន់ក្រហម ជាតំបន់ដែលមានការឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩។ នៅពេលនោះវិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម និងមានការផាកពិន័យជាប្រាក់តែប៉ុណ្ណោះ មិនមានការឃាត់ខ្លួនម្ចាស់យានយន្តទាំងនោះទេ ក៏ប៉ុន្តែការរឹតបន្តឹងលើកនេះ បន្ថែមដោយការឃាត់ខ្លួនម្ចាស់យានយន្តល្មើសបំរាម នឹងត្រូវអនុវត្តតាមវិធានការច្បាប់ផងដែរ។

ការចេញបទបញ្ជារឹតបន្តឹងនេះ គឺយោងតាមការពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៃក្រុងសៀមរាប អនុវត្តមិនបានល្អ វិធានការរដ្ឋបាល បិទខ្ទប់តំបន់ក្រហមនិងតំបន់លឿងទុំ ពិសេសគឺការបំពានបំរាមចេញពីលំនៅដ្ឋានជាដើម បង្ករឲ្យការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ មានប្រសិទ្ធភាពពុំអាចឆ្លើយតបតាមផែនការ ដែលគ្រោងនឹងបន្តដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហមនោះ ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img