ស្តាប់អត្ថបទជាសម្លេង
ខេត្តមណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៣៥គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅក្រោយផ្សារសែនមនោរម្យ ស្ថិតនៅភូមិចំបក់ និងភូមិកណ្តាល ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
លោកស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកនូវការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
លោកអភិបាលខេត្ត ក៏ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឱ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបានពីការចម្លងនៃជំងឺកូវីដ-១៩៕
អត្ថបទ និងរូបភាពដោយ៖ Puthi News