26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តបាត់ដំបង ពន្លឿនការរៀបចំមណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័ក ជំនួសអគារសិក្សានៅតំបន់ព្រំដែន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជាច្រើនខែកន្លងមកដោយសារតែវិបត្តិនៃជំងឺកូវីដ១៩បានឆ្លងរាលដាលនៅក្នុងខេត្តនោះ អាជ្ញាធរខេត្តបាត់ដំបងគ្រោងនឹងបើកសាលារៀនឡើងវិញនាថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ដោយឡែកសម្រាប់ស្រុកទាំង៣ ដែលនៅជាប់ព្រំដែនមិនអាចបើកសាលាដាក់ឱ្យដំណើរការបានទេ ដោយសារអគារសិក្សាមួយចំនួនកំពុងត្រូវបានធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័ក ត្រូវធ្វើការរៀបចំមណ្ឌលថ្មីជំនួសអគារសិក្សាវិញ ។  

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសនៃការដឹកនាំក្រុមការងាររបស់ខេត្តបាត់ដំបងចុះពិនិត្យទីតាំងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ជាអតីតរោងម៉ាស៊ីនកែច្នៃអង្ករ ដែលមិនមានសកម្មភាព នៅអូរត្រាវជូ ភូមិកណ្តោល   ឃុំសន្តិភាព និងទីតាំងមណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី នៅគីឡូលេខ៩ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន បានធ្វើការលើកទឹកចិត្តជំរុញការណែនាំបន្ថែមដល់ក្រុមជាង ដែលកំពុងរៀបចំមណ្ឌលទាំង២ទីតាំងនេះឱ្យបានលឿនតាមស្តង់ដារបច្ចេកទេស ដើម្បីធ្វើការផ្ទេរអ្នកជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមអគារសិក្សានានាមកដាក់ក្នុងមណ្ឌលថ្មីទាំងនេះ ។

លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មណ្ឌលព្យាបាលនិងមណ្ឌលត្តាឡីស័កទាំង២ទីតាំងនេះ ស្ថិតក្រោមការរៀបចំនិងជួសជុល ដោយក្រុមជាងរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ព្រោះទីតាំងទាំង២កន្លែងនេះមានលក្ខណៈសមស្រប ក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ដែលជំនួសឱ្យទីតាំងអគារសាលារៀនបច្ចុប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ទៅតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ។ 

លោក បានបញ្ជាក់ថា ទីតាំងថ្មីសម្រាប់ជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនេះ កំពុងធ្វើការរៀបចំជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ឋ ជាពិសេសលើបញ្ហាបរិស្ថាននិងអនាម័យជាដើម ។ លោកបានបញ្ជាក់ថា សម្រាប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចដាក់អ្នកជំងឺបាន២ ៥០០ នាក់ ឬស្មើនឹង ២ ៥០០គ្រែ ដោយឡែកមណ្ឌលចត្តាឡីស័ក គឺអាចដាក់អ្នកមានការសង្ស័យឆ្លងជំងឺកូវីដ១៩ បានចំនួន៣ ០០០នាក់ ៕

អត្ថបទ និងរូបភាពដោយះ Puyhi News

អានបន្ត

spot_img