26 C
Phnom Penh
Wednesday, November 6, 2024

អាជ្ញាធរខេត្តបាត់ដំបង ដាក់ចេញវិធានការដល់អាជ្ញាធរគ្រប់ស្រុក ត្រូវធ្វើការរឹតបន្តឹងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងវិធានការសុវត្ថិភាព៣កុំ ៣ការពារបន្តទៀត

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ការដាក់ចេញវិធានការថ្មី ក្នុងការរឹតបន្តឹងកាតព្វកិច្ចពាក់ម៉ាស់និងវិធានការសុវត្ថិភាព៣កុំ ៣ការពារ នាពេលនេះ បានធ្វើឡើងដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងពេលដែលក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង ចុះសួរសុខទុក្ខដល់វរៈនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅស្រុកសំពៅលូន និងលេខ៨១៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីលើកទឹកចិត្តដល់កម្លាំងទាំងអស់នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ស្ថានភាពនៃការឆ្លង ជំងឺកូវីដ១៩ នៅក្នុងសហគមន៍មួយចំនួន ដែលស្ថិតតាមបណ្តាស្រុកនៅជាប់ព្រំដែនកន្លងមកនេះ បានបន្តរាលដាលធ្ងន់ធ្ងរដល់ស្រុកបវេល ថ្មគោល និងផ្នែកខ្លះ នៃស្រុកឯកភ្នំរបស់ខេត្តបាត់ដំបង ដែលបានឆ្លងចូលទៅក្នុងសហគមន៍នៃស្រុកទាំងនេះ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ និងត្រូវតែមានវិធានការថ្មី ក្នុងការទប់ស្កាត់ឲ្យបានពីការឆ្លងរាលដាលកើនឡើងនេះ ។

ទាក់ទងនឹងការផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ លោក បានចាត់ទុកថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបន្ទាន់នូវការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីបញ្ជៀសបានពីមហន្តរាយដ៏អាក្រក់ដែលកំពុងតែប្រឈមពីការឆ្លងនៃជំងឺកូវីដ១៩ ជាក់ស្តែងក្នុងខេត្តបាត់ដំបង ហាក់មានការកើនឡើង នៃការឆ្លងរាតត្បាតច្រើនក្នុងចំណោមលំដាប់ ទី២នៃបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។

លោក ងួន រតនៈ បានដាក់ចេញនូវវិធានការថ្មីមួយចំនួនដល់អាជ្ញាធរគ្រប់ស្រុក ត្រូវធ្វើការរឹតបន្តឹងដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ក៏ដូចជាការអនុវត្តឱ្យបាននូវវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត ។

លោក អភិបាលខេត្តបាត់ដំបងបានណែនាំបន្ថែម ត្រូវមានការទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ទាំងផ្នែកទេសចរណ៍ វប្បធម៌ និងការកសាងអភិវឌ្ឍន៍ ទាំងការងារការពារព្រំដែន ការទប់ស្កាត់បទល្មើសផ្សេងៗ និងជាមួយនឹងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ពីប្រទេសជិតខាង ដែលបាននិងកំពុងធ្វើ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ទាំងសងខាងផងដែរ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img