26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ពលរដ្ឋឱ្យត្រៀមខ្លួនទុកជាមុនសម្រាប់ទប់ទល់នឹងគ្រោះទឹកជំនន់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំង ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីសមត្ថកិច្ចងាយចុះអន្តរាគមន៍បានទាន់ពេលវេលា។ ក្រៅពីនេះត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវត្រៀមស្បៀង និងថ្នាំសង្កូវរៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស ត្រៀមមធ្យោបាយទុកដឹកជញ្ជូន ឬជន្លៀស ប្រយ័ត្នក្មេងលេងទឹក និងមនុស្សចាស់ នៅពេលទឹកជន់ឡើង ហើយត្រូវបិទចរន្តអគ្គិសនី និងប្រយ័ត្នសត្វអសិរពិសជាដើម។

ការអំពាវនាវដោយ លោក លី សារី ដូចនេះ បានធ្វើឡើងក្នុងពេលចុះពិនិត្យសំណង់បង្ហៀរទឹក និងស្ថានភាពផ្លូវលំ ដែលទឹកជំនន់ទឹកភ្លៀងជន់លិច និងហូរច្រោះដាច់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសឿ ស្រុកមង្គលបូរី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ និងដោយយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលស្រុកមង្គលបូរីបានធ្វើការប្រកាសអាសន្នឱ្យពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងមង្គលបូរីត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីមហន្តរាយគ្រោះទឹកជំនន់នេះ។ ម្យ៉ាងវិញទៀត ដោយសារនៅតាមបណ្តោយដងស្ទឹងមង្គលបូរី មានសញ្ញាគ្រោះថ្នាក់នឹងមកដល់ក្នុងពេលឆាប់ៗ បើភ្លៀងនៅធ្លាក់ជាបន្តបន្ទាប់ និងមានការហូរធ្លាក់មកពីប៉ែកខាងលើ គឺស្រុកបវិល នៃខេត្តបាត់ដំបង ដែលស្ថានភាពទឹកចេះតែហក់ឡើងខ្លាំង។

បើយោងតាមការឱ្យដឹងពី លោក កឹម ចំរើន ប្រធានការិយាល័យធារាសាស្ត្រ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សំណង់បង្ហៀទឹកនៅព្រែកសឿ១កន្លែង ត្រូវបានទឹកជំនន់​ជន់លិចហូរកាត់ដាច់ចុងស្លាបសំណង់ខាងលិច ហើយខាងមន្ទីរបានធ្វើការសិក្សារួចហើយ។ ម៉្យាងវិញទៀតក្នុងការជួសជុលស្តារឡើងវិញសម្រាប់ប្រឡាយ និងសំណង់បង្ហៀរទឹកជាជំនួយកម្ចីរបស់អាល្លីម៉ង់ (AFD) ២៤គីឡូម៉ែត្រ ចំនួន២ខេត្ត មានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងនោះខេត្បន្ទាយមានជ័យចំនួន ១៦គីឡូម៉ែត្រ និងខេត្តបាត់ដំបងចំនួន៨គីឡូម៉ែត្រ។

ជាមួយគ្នានេះ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនេះ ចាប់ពីចំណុចផ្លូវជាតិលេខ១៥៩ ស្ថិតនៅក្នុងភូមិបឹងតូចឃុំសឿ រហូតដល់ឃុំចែងម៉ែង ផ្លូវលំ១ខ្សែមានប្រវែង ២៤៦០០ម៉ែត្រ ក្នុងនោះបានរងផលប៉ះពាល់ដោយទឹកជំនន់ច្រោះដាច់ចំនួន ១២០០ម៉ែត្រ និងដាច់តួផ្លូវ២កន្លែងប្រវែង ១០០ម៉ែត្រ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img