30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តកំពត កំពុងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាល ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត

កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោល នៃការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់ណ្ដាល ដែលស្ថិតក្នុងឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់គោល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃការអភិវឌ្ឍតំបន់ឆ្នេរទេសចរណ៍ ឆ្នេរព្រែកកំពង់កណ្ដាល បានប្រព្រឹត្តទៅឱ្យបានលឿន ផ្អែកលើសោភ័ណភាពលក្ខណៈបច្ចេកទេស និងច្បាប់អាចទទួលយកបាន។

ក្នុងកិច្ចពិភាក្សាទៅលើគម្រោងប្លង់គោល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោក ជាវ តាយ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងលើប្លង់គោល នៃគម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាល ដែលរដ្ឋបាលខេត្តកំពត មានគម្រោងក្នុងការអភិវឌ្ឍយូរមកហើយ។ ម្យ៉ាងវិញទៀត ជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាឱ្យដំណើរការគម្រោងនេះសម្រេចបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍគម្រោងនេះ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ដើម្បីឱ្យគម្រោងអភិវឌ្ឍតំបន់ឆ្នេរនេះ បានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តកំពតបានកាន់តែរីកចម្រើនបន្ថែមទៀត៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img