26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តកោះកុង តម្រូវឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងវារីវប្បកម្ម និងកំពង់ផែខ្នាតតូច ត្រូវអនុវត្តលក្ខខណ្ឌ ៤ចំណុច

ស្តាប់អត្ថបទជាសម្លេង

កោះកុង៖ អាជ្ញាធរខេត្តកោះ តម្រូវឱ្យក្រុមហ៊ុនឯកជនដែលមានបំណងវិនិយោគបង្កើតទីតាំងវារីវប្បកម្ម និងកំពង់ផែខ្នាតតូច ដែលកំពុងស្នើសុំជួលដីរដ្ឋសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន ត្រូវអនុវត្តលក្ខខណ្ឌចំនួន៤ចំណុច។

ការបញ្ជាក់របស់អាជ្ញាធរខេត្តកោះកុង បែបនេះ បន្ទាប់ពីមានក្រុមហ៊ុនឯកជន បាន និងកំពុងស្នើសុំជួលដីរដ្ឋ ដែលមានទំហំ ៣៦,៨៧ហិកតា រយៈពេលខ្លី (ក្រោម ១៥ឆ្នាំ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្តាម ស្ថិតនៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ក្រោយពីក្រុមការងារអន្តរក្រសួងបានចុះពិនិត្យទីតាំងជាក់ស្តែង អាជ្ញាធរខេត្ត បានតម្រូវឱ្យតំណាងក្រុមហ៊ុន ត្រូវរៀបចំគ្រោងការ និងផែនការវិនិយោគឱ្យបានរួចរាល់ និងត្រូវស្នើសុំការបោះបង្គោលព្រំឱ្យបានច្បាស់លាស់ ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះម្តងទៀត ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបាន គូសបញ្ជាក់ថា ចំពោះការវិនិយោគលើវស័យជលផល នាពេលនេះវាពុំមានអ្វីគួរឱ្យលំបាកនោះទេ ពោលគឺក្រុមហ៊ុនវិនិយោគគ្រាន់តែបំពេញតាមសំណើរ ទាំង៤ ចំណុចនេះ រួមមាន៖

១- សូមអ្នកវិនិយោគធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីសក្តានុពល ភាពអំណោយផល និង ប្រភេទនៃវារីវប្បកម្ម (ត្រី និងក្តាម) ដែលគ្រោងនឹងយកមក ចិញ្ចឹមដើម្បីឱ្យត្រូវ និងស្ថានភាពភូមិសាស្រ្តនៃតំបន់នេះ។

២- សូមសិក្សាឱ្យបានច្បាស់លាស់អំពីបច្ចេកទេសនៃការគ្រប់គ្រង គម្រោងវារីវប្បកម្មនេះ ប្រកបដោយប្រសិទ្ធភាព ចៀសវាងមានការប៉ះពាល់ដល់បរិស្ថាន ដល់សហគមន៍ និងការបំពុលចូលសមុទ្រ។

៣- សូមចូលរួមថែរក្សាបរិស្ថានធនធានធម្មជាតិនៅក្នុង និងក្បែរទីតាំងគម្រោងធ្វើអាជីវកម្ម វារីវប្បកម្មនេះ ដើម្បីធានាបាននូវនិរន្តរភាព បរិស្ថាន និងជីវចម្រុះ។ 

៤- រាល់ការសាងសង់ និងអនុវត្តគម្រោងវារីវប្បកម្ម ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានចែងជាធរមាន។

កាលពីពេលថ្មីៗនេះលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួង ចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យសិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជួលជូនវិស័យឯកជនក្នុងការវិនិយោគ លើគម្រោងចំនួន០២ គឺគម្រោងវារីវប្បកម្មក្តាមតាមបែបធម្មជាតិ ទំហំដី ៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូច ទំហំដី ៧.៧៦៧ម៉ែត្រការ៉េ ដែលគម្រោងទាំង២ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការរំពឹងទុកម្រោងទាំង២នេះនឹងចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img