ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកង បានចុះទៅធ្វើការណែនាំដល់ម្ចាស់សត្វតោឈ្មោលមួយក្បាល ដែលជនជាតិចិន បានចិញ្ជឹមធ្វើឱ្យរួចចេញក្រៅផ្ទះ និងដើរតាមផ្លូវសាធារណៈ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។


លោក ធីម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំអាជ្ញាធរចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់សត្វតោ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋដែលមានទីលំនៅក្បែរផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងថា មានសត្វមួយក្បាលបានដើរចេញតាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។ ភ្លាមៗ លោកបានចុះមកដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការហៅម្ចាស់តោជាជនជាតិមកធ្វើការណែនាំ និងផ្តិតមេដៃធ្វើកិច្ចសន្យាមិនឱ្យមានការធ្វេសប្រហែសម្តងទៀតឡើយ និងបានព្រមានដល់ម្ចាស់តោថា ប្រសិនជាមានរឿងបែបនេះកើតឡើងម្តងទៀត លោកនឹងឱ្យម្ចាស់តោទទួលខុសត្រូវតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
សូមបញ្ជាក់ថា សត្វតោមួយក្បាលឈ្មោះ Hei Man ដែលមានម្ចាស់ជាជនជាតិចិនចិញ្ចឹមនោះ បានរួចចេញពីផ្ទះវីឡា នៅក្នុងខណ្ឌបឹងកេងកង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញដើរនៅតាមផ្លូវលេខ៣០៦ មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ម្ចាស់វានោះទេ៕








អត្ថបទ និងរូបភាពដោយ៖ Puthi News