30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខណ្ឌដង្កោរួមគ្នាទប់ទំនប់ជំនន់ស្ទឹងព្រែកត្នោត

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ ឱ្យរួមគ្នាទប់ទំនប់ស្ទឹងព្រែកត្នោត និងបញ្ជាឱ្យអាជ្ញាធរ សហការជាមួយកងកម្លាំង ធ្វើការដាក់តង់បាំងក្នុងទឹកត្រង់ជើងទំនប់សង្កត់បាវខ្សាច់ពីលើការពារ ឬបិទរន្ធនាគឱ្យបានជាប់ ជៀសវាងទឹកហូរច្រោះខាងក្រោម និងការពារឱ្យរឹងមាំ ជៀសវាងការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឱ្យមានគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។

លោក ឃួង ស្រេង បានប្រាប់ដល់អាជ្ញាធរខណ្ឌដង្កោដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ខណៈដឹកនាំអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ សហការជាមួយនឹងទាហាន ធ្វើអន្តរាគមន៍ទប់ស្កាត់កុំឱ្យទឹកជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ ខណៈដែលទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង។ បន្ថែមពីនេះលោកអភិបាល ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនេះ មានន័យថា បើមានហានិភ័យអ្វីកើតឡើង អាចបញ្ជៀសនូវគ្រោះមហន្តរាយធ្ងន់ធ្ងរនេះបាន សំខាន់គឺ រក្សាអាយុជីវិតប្រជាពលរដ្ឋឱ្យបានគង់វង់។

លោក ឃួង ស្រេង បានបញ្ជាក់ថា សន្ទុះទឹកបានហក់ឡើងខ្លាំង នៅសណ្តស្ទឹងព្រែកត្នោត ដោយសារតែមានការបើកទ្វាទឹកនៅខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យទឹកហក់ឡើងខ្លាំង និងបានធ្វើឱ្យមានការគំរាមកំហែងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កម្លាំងដែលចុះជួយអន្តរាគមន៍ទប់ទំនប់ស្ទឹងព្រែកត្នោត ក្រៅពីអាជ្ញាធរខណ្ឌដង្កោ សង្កាត់ និងមន្ទីរពាក់ព័ន្ធ ក៏មានកម្លាំងទាហាចំនួន ៣០០នាក់ ក៏បានចុះមកជួយផងដែរ។ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៧,៦០ម៉ែត្រ (កើនឡើង ០,៩៦ម៉ែត្រធៀបព្រឹកម្សិលមិញ) ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារស្មើនឹង ៧,៨៦ម៉ែត្រ (+០,៨៦ម៉ែត្រខ្ពស់ជាងកម្រិតកម្ពស់ទ្វារបិទ/បើកទ្វារដោះទឹកកម្ពស់ ៣,០០ម៉ែត្រ×២សន្លឹក ៣,៥០ម៉ែត្រ×២សន្លឹក និង៤,០០ម៉ែត្រ×១សន្លឹក)។

ចំពោះទំនប់៧មករា មានកម្ពស់ទឹកខាងមុខទ្វារ ៦,០៩ម៉ែត្រ (+១,២៩ម៉ែត្រ ហូរលើកម្រិតកម្ពស់ទំនប់បង្ហៀរ)ស្ថានភាពទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ កម្ពស់ទឹកខាងក្រោយទ្វារស្មើនឹង ៨,៩០ម៉ែត្រ (កើនឡើង +០,៧០ម៉ែត្រ ធៀបព្រឹកម្សិលមិញ) ធៀបនឹងកម្ពស់ទឹកមុខទ្វារ និងក្រោយទ្វារខុសគ្នា ០,១៩ម៉ែត្រ (បើកទ្វារដោះទឹកកម្ពស់ ៤,០០ម៉ែត្រ×៤សន្លឹក)៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img