30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខណ្ឌជ្រោយចង្វារ ចាប់ផ្ដើមយកសំណាក់រកកូវីដ-១៩ លើលោកគ្រូអ្នកគ្រូទាំងសាលារដ្ឋ និងឯកជន ដើម្បីត្រៀមបើកសាលាបង្រៀនឡើងវិញនាថ្ងៃទី១៥ ខែកញ្ញា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានចាប់ផ្ដើមធ្វើតេស្តរកកូវីដ-១៩ លើលោកគ្រូអ្នកគ្រួទាំងសាលារដ្ឋ និងឯកជនទាំងអស់ សម្រាប់ត្រៀមបើកសាលាបង្រៀន និងបង្រៀនដល់សិស្សានុសិស្សឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ការយកសណាកនេះបានធ្វើឡើងនៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក អ៊ុក ប៉ុណ្ណារិទ្ធ នាយកវិទ្យាល័យជាស៊ីមជ្រោយចង្វារ បានឱ្យដឹងថា ការចុះយកសំណាកលើលោកគ្រូអ្នកគ្រូនៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ជាការងារមួយដ៏ល្អ ហើយក៏ជាឱកាសមួយដែលយើងត្រៀមលក្ខណៈបើកសាលារៀនឡើងវិញ និងចង់ដឹងថា លោកគ្រូអ្នកគ្រូមានសុខភាពល្អ ឬមិនល្អ។ ប្រសិនជាសុខភាពគាត់ល្អសាលាមានការងាយស្រួលក្នុងការគ្រប់គ្រង តែប្រសិនជាគាត់មានបញ្ហានោះនឹងជួបផលលំបាក នឹងត្រូវការពារទាំងអស់គ្នា សម្រាប់បុគ្គលិកសិក្សាទាំងអស់។ នៅក្នុងវិទ្យាល័យនេះ មានលោកគ្រូអ្នកគ្រូទាំងអស់ចំនួន១១២នាក់ និងមានសិស្សានុសិស្សចំនួន១១១០នាក់។ 

លោក អ៊ុក ប៉ុណ្ណារិទ្ធ ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវចូលរួមយកសំណាកដើម្បីឱ្យដឹងអំពីបញ្ហាសុខភាព ប្រសិនជាការយកសំណាកហើយ ក្រោយមានបញ្ហាសុខភាពសូមឱ្យលោកគ្រូអ្នកគ្រូទាំងអស់ផ្តល់ព័ត៌មានដល់គណៈគ្រប់គ្រង ឬផ្តល់ព័ត៌មានទៅមណ្ឌសុខភាពដែលនៅជិតផ្ទះរបស់លោកគ្រូអ្នកគ្រូឱ្យបានឆាប់រហ័ស។ 

ជាមួយគ្នានេះ លោក សៅ ខូខេមា ប្រធានការិយាល័យអប់រំខណ្ឌជ្រោយចង្វារ បានឱ្យដឹងដែរថា នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា មានវិទ្យាល័យចំនួន៣គឺ៖ ទី១. វិទ្យាល័យជាស៊ីមជ្រោយចង្វា ទី២. វិទ្យាល័យព្រែកលៀប ទី៣. វិទ្យាល័យប៊ុនរ៉ានីកោះដាច់ និងមានអនុវិទ្យាល័យចំនួន៣គឺ អនុវិទ្យាល័យបាក់ខែង អនុវិទ្យាល័យព្រែករាំង និងអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំបក់មាស និងមានគ្រឹះស្ថានអប់រំដែលមានមធ្យមសិក្សាមាន ៥សាលាផងដែរ។ ការយកសំណាកថ្ងៃនេះមានបុគ្គលិកអប់រំដែលត្រូវបង្រៀននៅមធ្យមសិក្សា ទាំងរដ្ឋ និងឯកមានចំនួន៤៧២នាក់។ នៅពេលព្រឹក បុគ្គលិកនៅសាលាសាធារណៈទាំង៦ បានយកសំណាក ហើយនៅពេលរសៀល បុគ្គលិកសាលាចំណេះទូទៅឯកជន ផ្នែកមធ្យមសិក្សា។ 

លោក សៅ ខូខេមា បានបញ្ជាក់ថា ការយកសំណាកនេះ ជាការយកចិត្តទុកដាក់ដើម្បីរក្សាសុខភាពលោកគ្រូអ្នកគ្រូ តាមដានសុខភាព និងគិតគូដល់ការចម្លងមេរោគកូវីដ-១៩ ដល់សិស្សានុសិស្សក៏ដូចជាបុគ្គលិកអប់រំដូចគ្នា ជាពិសេសនោះគឺ សិស្សានុសិស្សនៅមធ្យមសិក្សាសុទ្ធតែមានអាយុ១២ឆ្នាំឡើង។ ចំពោះខណ្ឌជ្រោយចង្វាមកទល់នឹងពេលនេះ សិស្សានុសិស្សបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជាង៩០ភាគរយហើយ។ 

ចំណែកអ្នកគ្រួ វ៉ន សុធី គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដែលបានទៅយកសំណាក បានលើកឡើងថា ការធ្វើតេស្តនេះជាការល្អសម្រាប់លោកគ្រូអ្នកគ្រូ ព្រោះគាត់ត្រូវការបង្រៀនសិស្ស។ ដូចនេះនឹងធ្វើឱ្យមានគុណភាពដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សិស្ស និងកុំឱ្យប៉ះពាល់ដល់អ្នកដទៃផ្សេងទៀត។ កាលណា មិនទៅធ្វើតេស្តយកសំណាកទេ អត់ដឹងថាខ្លួនយើងកើតអ្វីនោះទេ បើបានធ្វើតេស្តហើយសុខភាពយើងក៏ល្អ អាចបង្រៀនសិស្ស ឬក៏ធ្វើដំណើរទៅណាមកណាអត់មានប៉ះពាល់ដល់អ្នកដទៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកឱ្យដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ ប៉ុន្តែអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ចួន៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img