26 C
Phnom Penh
Tuesday, December 10, 2024

អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះកាយប្រមូលសំរាមចេញពីប្រឡាយ ដើម្បីបញ្ចៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួន

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានដឹកនាំកម្លាំងចុះកើបកាយប្រមូលសំរាមចេញពីប្រឡាយដើម្បីឱ្យទឹកហូរលឿន និងលើកទំនប់ទប់ទឹក បង្ការទុកជាមុនកុំឱ្យទឹកភ្លៀងជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ និងដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។ 

ការចុះកាយសំរាមនេះបានធ្វើឡើងស្ទើររៀងរាល់ថ្ងៃ នៅតាមតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ។ ចំពោះសង្កាត់ដែលប្រឈម នឹងការជនលិចនេះគឺ សង្កាត់ព្រែកប្រា សង្កាត់និរោធ និងសង្កាត់វាលស្បូវ។ ចំពោះការចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ ព្រែកប្រា អាជ្ញាធរបានបូមទឹកចេញពីលូរ និងកាយយកកាកសំណល់ផ្សេងៗចេញពីលូរ ដើម្បីរំដោះទឹកភ្លៀងដែលជនលិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង។ ចំណែកក្នុងសង្កាត់វាលស្បូវ ដែលកំពុងតែលើកទំនប់ព័ន្ធតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ។ ការលើកទំនប់នេះបានធ្វើឡើង២-៣ថ្ងៃមកហើយ ដើម្បីបង្ការទុកជាមុនកុំឱ្យទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។

ទន្ទឹមនឹងចុះកាយសំរាមនេះ លោកអភិបាលខណ្ឌក៏បានណែនាំឱ្យមន្ត្រីក្រុមការងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរ ព្រោះរដូវវស្សាចូលមកដល់ហើយ និងត្រូវបង្ការទុកជាមុនកុំឱ្យជនលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ។ ក្រៅពីនេះ ទៀតត្រូវធ្វើចលនាឱ្យបានទូលំទូលាយ ប្រាប់ដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការ ទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំយកបោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹក ធ្វើឱ្យស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។  

ចំពោះប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយ និងតំបន់ជុំវិញ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនសិនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយដែលបណ្តាលឱ្យស្ទះចរន្តទឹក និងបង្ករឱ្យមានបរិស្ថានមិនល្អក្នុងតំបន់៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img