30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខណ្ឌចំការមន ចុះរុះរើសំណង់មិនរៀបរយ និងការចាក់ដីទន្ទ្រានលើផ្ទៃបឹងត្របែក

ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន បានដឹកនាំកម្លាំងចុះធ្វើវិធានការរដ្ឋបាល រុះរើសំណង់មិនរៀបរយ និងការចាក់ដីរំលោភទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ពីសំណាក់ជនមួយក្រុមដែលបានគេចខ្លួនក្រោយអាជ្ញាធរចុះទៅដល់។ ការចុះរុះនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រោមបញ្ជាផ្ទាល់ពី លោក អាំង សេរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងប្រជាការពារផងដែរ។

លោក អាំង សេរីពិសិដ្ឋ បានឱ្យដឹងថា ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ ក្រោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ ដែលជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា ជនមួយក្រុមខាងលើបានធ្វើការដឹកជញ្ជូនគ្រឿងចក្រ និងបានចាក់ដីរំលោភលើផ្ទៃបឹងត្របែក ព្រមទាំងមានការសាងសង់សំណង់ផ្សេងៗ ចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផល មានការដាំដុះដំណាំផ្សេងៗ ព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ។ ទង្វើទាំងអស់នេះ ជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃបឹងត្របែក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។

ក្នុងនាមអាជ្ញាធរដែនដីក៏ដូចជាមន្ត្រីជំនាញ លោក អាំង សេរីពិសិដ្ឋ មិនអនុញ្ញាតឱ្យមានការសាងសង់រំលោភច្បាប់បែបនេះបានទេ ព្រោះបានរំលោភលើអនុក្រឹត្យលេខ២២១អនក្រ.បក ស្តីពី ការកំណត់ផ្ទៃអាងបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាល។ ចំពោះជនមួយក្រុមដែលបានធ្វើការចាក់ដីឈូសឆាយលុបផ្ទៃបឹងដើម្បីធ្វើជាសម្បត្តិឯកជនមិនបានសហការ និងបានរត់គេចខ្លួនបាត់អស់មុនពេលអាជ្ញាធរចូលទៅដល់។

ពាក់ព័ន្ធ និងការរំលោភផ្ទៃបឹងត្របែកនេះ អាជ្ញាធរខណ្ឌចំការមនតែងតែបានចុះធ្វើការផ្សព្វផ្សាយ និងអំពាវនាវជូនប្រជាពលរដ្ឋ កុំឱ្យមានការសាងសង់សំណង់ផ្សេងៗ រំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់ តែនៅតែមានប្រជាពលរដ្ឋមួយចំនួននៅតែរឹងទទឹង មានការសាងសង់ដោយមិនស្តាប់ការណែនាំ។ ដូច្នេះ ក្នុងនាមអាជ្ញាធរក៏ត្រូវតែចាត់វិធានការរដ្ឋបាលជាដាច់ខាត មិនអនុញ្ញាតឱ្យមានការសាងសង់ ឬចាក់ដីរំលោភលើផ្ទៃបឹងត្របែកនេះទេ។ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ទេ និងជាការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ ហើយសូមកុំមានការប្រថុយប្រថានឱ្យសោះ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img